មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

“​បងប្រុស​ស្លាប់​ដោយសារ​ការរាយការណ៍​”

​ដោយ ៖ប៉ោ គឹម​ហុក បុគ្គលិក​ស្ម័គ្រចិត្ត​ផ្នែក​កុន នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 09:39:AM

យាយ​របស់ខ្ញុំ​ឈ្មោះ ជា យ៉េ​ង មាន​អាយុ​៧៥​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​បាត់បង់​បងប្រុស​ពីរ​នាក់​នៅក្នុង​របប​ខ្មែរក្រហម​។ បងប្រុស​ម្នាក់​ឈ្មោះ ជា គង់ ជា​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​ធំ និង​ម្នាក់ទៀត​ឈ្មោះ ជា សូត ដែល​រៀនសូត្រ​ខ្ពង់ខ្ពស់ បានធ្វើ​ការងារ​នៅ​ភ្នំពេញ​។ ចំណែក​គាត់ មិនបាន​រៀនសូត្រ​ទេ​។ គាត់​បាន​រៀបការ និង​រស់នៅ​ជាមួយ​ប្តី​ឈ្មោះ យិន សន នៅ​ស្រុកកំណើត ស្ថិតនៅ​ក្នុងភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​ក្រោយ​រំដោះ​ថ្ងៃ​១៧ មេសា ១៩៧៥ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​នៅ​ទូទាំងប្រទេស​។ បងប្រុស​ទាំងពីរ​បស់​គាត់ បាននាំគ្នា​ចេញពី​ទីក្រុង​ភ្នំពេញ​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ​។ អំឡុង​ពេលនោះ ខ្មែរក្រហម​ចាប់ផ្តើម បំបែក​មនុស្ស​ចេញពី​សមាជិកគ្រួសារ​ឲ្យ​ទៅធ្វើ​ការ​តាម​កង តាម​ក្រុម​រៀងៗ​ខ្លួន​។ យាយ​របស់ខ្ញុំ ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ស្រែ​។ គាត់​បាន​បន្ត​ប្រាប់​ខ្ញុំ​ដោយ​ទឹកមុខ​ស្រងូតស្រងាត់ ថា ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​ក្នុង​របប​ខ្មែរក្រហម គាត់​មិនមាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ​។ ដោយសារតែ​សមាជិកគ្រួសារ​គាត់​ជា​អតីត​បញ្ញាជន និង​អ្នករដ្ឋការ លន់ នល់ ហេតុនេះ ប្រជាជន​មូលដ្ឋាន​មួយចំនួន​តែងតែ​សម្តែង​ការមិន​ពេញចិត្ត និង​មានគំនិត​គុំ​គួ​ន​មកលើ​គ្រួសារ​គាត់​។ ថ្ងៃមួយ ប្តី​របស់​យាយ​ត្រូវបាន​អង្គការ​ចាប់ខ្លួន ព្រោះ​ប្រធានភូមិ​ដំរី​ស្លាប់ ឈ្មោះ តា​ចូ​ច បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ថា ប្តី​របស់គាត់​ជា​ខ្មាំង ព្រោះ​កាលពី​ជំនាន់​សង្គ្រាម​៥​ឆ្នាំ ប្តី​របស់​យាយ​ឧស្សាហ៍​ចេញចូល​តំបន់​ខ្មាំង​។ លោកតា​ត្រូវ​អង្គការ​ចាប់​យកទៅ​ឃុំ​នៅ​គុក​សង់​។ ដោយ​យាយ​របស់ខ្ញុំ​ពីមុនមក​ធ្លាប់​មានការ​រាប់អាន​ជាមួយ​ឆ្មាំ​គុក ទើប​ឆ្មាំ​គុក​អាណិត និង​អនុញ្ញាត​ឲ្យ​គាត់​ទៅ​មើ​លតា​នៅក្នុង​គុក​បាន​។

​យាយ​ខ្ញុំ​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​ទិដ្ឋភាព​ដែល​គាត់​បានឃើញ​ក្នុង​គុក​សង់​នោះ​ថា ប្ដី​គាត់​ត្រូវបាន​ឆ្មាំ​ដាក់​ក្នុង​បន្ទប់​ជាមួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត ដោយ​ដាក់​ច្រវាក់​ជាប់​នឹង​កជើង​។ ក្នុង​របប​ខ្មែរក្រហម គាត់​មិនដឹង​ច្បាស់​ថា គុក​សង់​ក្លាយជា​កន្លែង​សម្រាប់​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​បែបនេះ​ទេ​។ លោកតា​ត្រូវ​ឃុំ និង​លត់​ដំ​នៅក្នុង​គុក​សង់​រយៈពេល​៣​ខែ​ទើប​អង្គការ​ដោះលែង បន្ទាប់ពី​រក​មូលហេតុ​ចោទ​គាត់​ថា ជា​ខ្មាំង មិនឃើញ​។ អំឡុង​ពេលដែល​លោកតា ជាប់ឃុំ​ឃាំង​នោះ តា​ចូ​ច ដែលមាន​គំនិត​គុំ​គួ​ន តែងតែ​រក​វិធី​ធ្វើបាប​យាយ​បន្តទៀត​។ យាយ​នៅចាំ​បាន​ថា មាន​ពេល​មួយ​គាត់​មិន​ប្រយ័ត្ន​ក៏បាន​ធ្វើ​ឲ្យ​បែក​ពាងទឹក ពេលនោះ តា​ចូ​ច បាន​រាយការណ៍​ប្រាប់​អង្គការ និង​បាន​ចោទ​គាត់​ថា ជា​ខ្មាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​របស់​អង្គការ​។ ប៉ុន្តែ យាយ​មិន​ត្រូវបាន​ទទួលពិន័យ​ទេ គ្រាន់តែ តា​ចូ​ច ធ្វើការ​ប្រជុំ​ទិតៀន​ក្នុងពេល​ហូប​រួម​ប៉ុណ្ណោះ​។ រឿង​មួយទៀត​ដែល តា​ចូ​ច ធ្វើបាប​យាយ គឺ មុន​ពេលដែល​លោកតា​ត្រូវ​អង្គការ​ចាប់ខ្លួន យាយ​មាន​ផ្ទៃពោះ​រួចហើយ ប៉ុន្តែ តា​ចូ​ច ពេលនោះ បាន​ចោទ​លោកយាយ​ថា បាន​សាហា​ស្មន់ អំឡុង​ពេលដែល​ប្តី​កំពុង​ជាប់​ឃុំឃាំង​។ តា​ចូ​ច បាន​ចាត់​ប្រពន្ធ​របស់គាត់​ទៅ​សួរនាំ​យាយ​ពី​បញ្ហា​មាន​ផ្ទៃពោះ​នេះ ហើយ​គាត់​ទៅ​សួរ​លោកតា​នៅក្នុង​គុក​ដែរ​ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​។ ប្រសិនបើ​តា និង​យាយ ឆ្លើយ​ចម្លើយ​ខុសគ្នា តា​ចូ​ច នឹងមាន​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​សម្លាប់​យាយ​មិន​ខាន​។ ទីបំផុត ចម្លើយ​របស់​យាយ​និង​តា​ដូចគ្នា ទើប​ធ្វើ​ឲ្យ​លោកយាយ​រួច​រស់​ជីវិត​តាំងពី​ពេល​នោះមក​។ តា​ចូ​ច មិន​ត្រឹមតែ​ធ្វើបាប​គ្រួសារ​យាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រមូលយក​មាស​របស់​យាយ​មួយចំនួន​ផង ប៉ុន្តែ​បន្ទាប់ពី​របប​ខ្មែ​ក្រហម​បាន​ដួលរលំ តា​ចូ​ច បាន​យក​មាស​ដែល​នៅ​សេសសល់​ខ្លះមក​ប្រគល់ជូន យាយ​វិញ​។​

​រឿង​ដែល​លោកយាយ​បំភ្លេច​មិនបាន និង​សោកស្តាយ​បំផុត​នោះ គឺ​ការបាត់បង់​បងប្រុស​ទាំងពីរ​របស់​គាត់​។ បងប្រុស​ទាំងពីរ​រប​ស់លោក​យាយ ត្រូវបាន​អង្គការ​ចាប់​យកទៅ​សម្លាប់ ព្រោះ​ពេលនោះ​មាន​អ្នក​ច្រណែន​នឹង​បងប្រុស​ទាំងពីរ​របស់​លោក ដែលមាន​ការងារ​ល្អ និង​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ក្នុង​សង្គមចាស់​។ ដូច្នេះ ប្រវត្តិរូប​បងប្រុស​ទាំង​ពីរ​របស់​យាយ ក៏​ត្រូវបាន​រាយការណ៍​ប្រាប់​ទៅ​អង្គការ​។ បងប្រុស​ទាំងពីរ​រប​ស់​យាយ ត្រូវបាន​អង្គការ​យកទៅ​សម្លាប់​កន្លះ​ខែ មុន​របប​ខ្មែរក្រហម​ដួលរលំ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ពារ​ជាមួយ​របប​ខ្មែរក្រហម​ទៀត សព្វថ្ងៃ​លោកយាយ​បាន​ផ្លាស់​មក​ស្នាក់នៅ​វត្ត ដើម្បី​រៀន​ធម៌អាថ៌​៕

“​បងប្រុស​ស្លាប់​ដោយសារ​ការរាយការណ៍​”
លោកយាយ ជា យ៉េ​ង​ (រូប៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM