មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​

​ដោយ ៖អ៊ុក សោភ័ណ​ ថ្ងៃទី 7 កក្កដា 2017 ម៉ោង 11:25:AM

​ខ្ញុំបាទ​ឈ្មោះ អ៊ុក សោភ័ណ កើត​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៨០​។ ខ្ញុំ​កើត​មិនទាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ហៅថា របប​ខ្មែរក្រហម​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សាកសួរ​ឪពុកម្តាយ​របស់ខ្ញុំ ដែល​អ្នក​ទាំងពីរ​ធ្លាប់បាន​ឆ្លងកាត់​របប​នេះ​ដោយផ្ទាល់​ដើម្បី​រៀបរាប់​ពី​ប្រវត្តិ​ក្រុមគ្រួសារ​ខ្ញុំ​ឡើងវិញ​។​
​កាលដើមឡើយ ឪពុកម្តាយ​របស់ខ្ញុំ មិនទាន់​រៀបការ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​នៅឡើយ​ទេ គឺមាន​ទីលំនៅ​នៅក្បែរ​គ្នា​ស្ថិតនៅ​ក្នុងភូមិ​ចន្ទ្រា (​ថ្នល់​ខាងកើត​) ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​វៀតណាម (​ដែល​កាលនោះ​ប្រទេស​វៀតណាម​មាន​ចម្ងាយ​ប្រហែល​៨​គី​ឡួ​ម៉ែត្រ​ពី​ភូមិ​របស់ខ្ញុំ​)​។   
​តា​ខាង​ឪពុក​របស់ខ្ញុំ​ឈ្មោះ អ៊ុក ម៉ៅ (​ស្លាប់​មុន​របប​ខ្មែរក្រហម​) និង​យាយ​ខាង​ឪពុក​របស់ខ្ញុំ​ឈ្មោះ ឡុង អិត (​ស្លាប់​ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់ នៅពេលដែល​របប​ខ្មែរក្រហម​ដូ​ល​រលំ​ឆ្នាំ​១៩៧៩)​។ យាយ​តា​របស់ខ្ញុំ​មានកូន​ចំនួន​១១​នាក់​៖
១) អ៊ុក ង៉ូ​ស ហៅ កូយ ស្លាប់​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ក្នុង​ឆ្នាំ​១៩៧៩
២) អ៊ុក ឆេង ស្លាប់​មុន​ខែ​ភ្ជុំ ក្នុង​ឆ្នាំ​១៩៧៨
៣) អ៊ុក ឆន ស្លាប់​ក្នុង​ឆ្នាំ​១៩៧៥ នៅ​ខេត្តព្រៃវែង​
៤) អ៊ុក សៀម​
៥) អ៊ុក អ៊ុក​
៦) អ៊ុក អាំ​
៧) អ៊ុក សំអាន ហៅ សាន​
៨) អ៊ុក ផែង ស្លាប់​ក្នុង​ឆ្នាំ​១៩៧៨ មិនដឹង​ស្លាប់​នៅ​ទីកន្លែង​ណា​
៩) អ៊ុក សំអាត ហៅ ផៃ ស្លាប់​ក្នុង​ឆ្នាំ​១៩៧៧ ។​
១០) អ៊ុក គឹមអេង (​ឪពុក​របស់ខ្ញុំ​)
១១) អ៊ុក សំផន ស្លាប់​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​ក្នុង​ខែមេសា ឆ្នាំ​១៩៧៩​។​
​ចំណែក​តា​ខាង​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ជា ទឹម ហៅ យក្ស  (​ស្លាប់​នៅក្នុង​ខេត្តស្វាយរៀង​នៅ​ចុងឆ្នាំ​១៩៧៧) និង​យាយ​ឈ្មោះ ហ៊ីង ហៀ​ង ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រគរ ខេត្តពោធិ៍សាត់​។


​យាយ​តា​ខាង​ម្តាយ​របស់ខ្ញុំ​មានកូន​ចំនួន​១០​នាក់​មានឈ្មោះ ៖
១) ជា សាម៉េន​
២) ជា ឆាន (​បាត់​ដំណឹង​សូន្យឈឹង​នៅ​ខេត្តបាត់ដំបង បន្ទាប់ពី​រៀបការ​ហើយ មានកូន​ចំនួន​ប្រាំ​នាក់ ដែល​សព្វថ្ងៃ ប្រពន្ធ​និង​កូន​របស់គាត់​បីនាក់​រស់នៅ​សហរដ្ឋអាមេរិក​។​
៣) ជា សា​ម៉ាត់​
៤) ជា ឆំ​
៥) ជា ឆាំ​
៦) ជា អាំ (​ធ្វើជា​ទាហាន លន់ នល់ បាត់​ដំណឹង​សូន្យឈឹង បន្ទាប់ពី​ត្រូវរបួស​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ មុនពេល​ខ្មែរក្រហម​ចូលកាន់​អំណាច​)​។​
៧) ជា សុផល (​ជា​ម្តាយ​របស់ខ្ញុំ​)
៨) ជា សម័យ ស្លាប់​តាំងពី​មាន​អាយុ​បួន​ឆ្នាំ ក្នុង​ឆ្នាំ​១៩៦១
៩) ជា សេន ហៅ ច្រិល ស្លាប់​ក្នុង​ឆ្នាំ​១៩៧៤
១០) ជា សាម៉េន​។​
​ឪពុកម្តាយ​ខ្ញុំ​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា កាលពី​ឆ្នាំ​១៩៦៤ មានការ​ដឹកជញ្ជូន​ស្បៀង មានដូចជា អង្ករ ក្រណាត់ ខោអាវ ជាច្រើន​ពី​សំណាក់​វៀត​កុង (​ទ័ព​យួន​ខាងជើង​) យកមក​ផ្ញើ​នៅផ្ទះ​ប្រជាជន​ខ្មែរ​ដែល​ភាគច្រើន​ជា​ផ្ទះ​ធំៗ ខ្ពស់ៗ នៅ​ភូមិ​ចន្ទ្រា​ទាំង​ខាងលិច​ថ្នល់ ក៏ដូចជា​ខាងកើត​ថ្នល់ ដោយមាន​ទាំង​ប្រពន្ធ និង​កូនរ​បស់ទ័ព​ខ្លះមក​ជាមួយ​ផង មក​នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ ធ្វើ​ឲ្យ​ក្រុម​ធី​វ​គី (​ទ័ព​វៀតណាម​ខាង​ត្បួ​ង​) គាំទ្រ​ដោយ​អាមេរិក សម្រុក​ចូលមក​ដោយមាន​ការ​ផ្លោង​គ្រាប់កាំភ្លើង​បាញ់រះ​ចេញពី​រថក្រោះ ឧទ្ធម្ភាគចក្រ មកលើ​ភូមិ​ចន្ទ្រា ជាពិសេស​នៅ​ភូមិ​ចន្ទ្រា​ខាងលិច​ថ្នល់ បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​មាន​ក្មេង​ចាស់​ប្រុស​ស្រី ត្រូវរបួស​ប្រហែល​៣០​នាក់ ស្លាប់​ប្រហែល​១០​នាក់ ឆេះ​ផ្ទះ​អស់​៧​ខ្នង និង​ងាប់​គោក្របី​អស់​មួយចំនួន​។ ទ័ព​វៀត​កុង​ដែល​ស្លាប់ គឺ​ខាង​ធី​វ​គី​ទុកចោល តែ​អ្នក​ដែល​ត្រូវរបួស និង​មួយចំនួនទៀត​ដែល​ចាប់បាន ត្រូវបញ្ជូន​ឡើង​ឧទ្ធម្ភាគចក្រ បើក​សំដៅទៅ​កម្ពុជា​ក្រោម (​វៀតណាម​ខាងត្បូង​) វិញ​។
​ប្រហែល​ជាជាង​កន្លះ​ខែក្រោយ​មក សម្តេចព្រះ​នរោត្តម សីហនុ បានមក​ថ្លែងការណ៍​នៅ​វត្ត​សិរី​វង្ស ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មកទៀត ខាង​ក្រុមការងារ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ មកជួយ​កសាង​ផ្ទះ​ដែល​ឆេះ​ទាំង​៧​ខ្នង​នោះ​ឡើងវិញ និង​មាន​ជួយ​ជា​លុយកាក់​មួយចំនួន​ដល់​ប្រជាជន​ដែល​បាន​ស្លាប់ និង​របួស​។

​ចាប់ពី​ឆ្នាំ​១៩៦៦​មក មានការ​ចូលមក​ជាប​ន្ត​បន្ទាប់ពី​សំណាក់​វៀត​កុង ក្នុង​ទឹកដី​ខ្មែរ​តាម​ព្រំដែន នៅតាម​មាត់បឹង ដោយមាន​ការកសាង​ជា​មន្ទីរពេទ្យ ឃ្លាំង​ជាដើម​។ រហូតមកដល់​ខែឧសភា ឆ្នាំ​១៩៧០ ក៏មាន​ការវាយប្រហារ​ពី​ខាង​ធី​វ​គី ចូលមកក្នុង​ព្រំដែន​ខ្មែរ​ជាច្រើន​គីឡូម៉ែត្រ ធ្វើ​ឲ្យ​គ្រួសារ​ឪពុកម្តាយ​ខ្ញុំ និង​អ្នកភូមិ​នាំគ្នា​រត់ចេញ​ពី​ឃុំ​ចន្ទ្រា មក​នៅ​ឃុំ​ច្រេស រហូតដល់​ខែមេសា ឆ្នាំ​១៩៧៥ ពេលដែល​ខ្មែរក្រហម​វាយ​បែក​ភ្នំពេញ​ហើយ ទើប​ឪពុកម្តាយ​ខ្ញុំ និង​ប្រជាជន​នាំគ្នា​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងភូមិ​ចន្ទ្រា​វិញ​។ ប៉ុន្តែ​នៅពេលនោះ ស្រុកភូមិ​ត្រូវបាន​គ្រប់គ្រង​ជា​របប​សមូហភាព និង​របប​រួម ដោយ គោ ក្របី ស្រូវ អង្ករ ត្រូវបាន​ខ្មែរក្រហម​ប្រមូល​យកមក​ដាក់​ជា​ទ្រព្យសម្បតិ្ត​របស់​សមូហ​ភាព ហើយ​ការហូបចុក​នៅពេលនោះ គឺ​បាន​បបរឈ្មោល​ហូប​ជាមួយ​អំបិល​។ ចំណែក​ម្ហូប​ផ្សេងៗ បើ​ចង់​ហូប ត្រូវ​ខំរ​កមក​ធ្វើ​ហូប​ជុំគ្នា​តាម​ក្រុម “​ក​”  (“​ក​” ឬ មួយ “​ក​” ស្មើ ១២​នាក់​, មួយ​”​ខ​” ស្មើ ៣ “​ក​”  មាន​សមាជិក​៣៦​នាក់​, មួយ “​គ​” ស្មើ ៣ “​ខ​” មាន​សមាជិក​ចំនួន​១០៨​នាក់​)​។​

​ដល់​រដូវប្រាំង​ពេល​ច្រូតកាត់ (​ខែមករា​, ខែកុម្ភៈ​) ឆ្នាំ​១៩៧៦ ក្រុម “​គ​” ខាង​ឪពុក​ខ្ញុំ និង​ក្រុម “​គ​” ផ្សេងទៀត ប្រមាណ​បី​ទៅ​បួន “​គ​” ត្រូវ​ទៅ​ជីក​ប្រឡាយ​នៅ​ម្តុំ “​តុង​លៀង​”  ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្វាយរៀង​។ នៅ​ធ្វើការ​ទីនោះ​រយៈពេល​ប្រមាណ​បី​ខែ រហូតដល់​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច ទើប​ត្រឡប់មក​ភូមិ​វិញ​។ ថ្ងៃមួយ​នោះ នៅ​សហករណ៍​ឯ​ភូមិ​ចន្ទ្រា ឪពុក​ខ្ញុំ​ហូប​បន្លែ​ច្រើនពេក បណ្តាល​ឲ្យ​គាត់​កើត​ជំងឺ​ហើម ចុះខ្សោយ​កម្លាំង ពិបាក​ធ្វើការ ពេលនោះ​ម្តាយ​របស់គាត់ (​យាយ​ខ្ញុំ​) បាន​ទៅរក​កន្ទក់​ដើម្បី​ជួយ​ព្យាបាល​ឪពុក​ខ្ញុំ​។ ពេល​ត្រឡប់​មកពី​ជីក​ប្រឡាយ មកដល់​សហករណ៍​ភូមិ​វិញ ក៏​ចំ​រដូវ​ត្រូវ​ធ្វើស្រែ ត្រូវ​ភ្ជួរ​រាស់ សាប​ព្រួស ដក​ស្ទូង វិញ​ម្តង​។ សកម្មភាព​នេះ ត្រូវបានធ្វើ​ដដែលៗ រហូតដល់​ឆ្នាំ​១៩៧៧ ឪពុក​របស់ខ្ញុំ​បាន​សរសេរ​សំបុត្រ​ស្នើ​ទៅ​គណៈ​ឃុំ ដើម្បី​សុំ​រៀបការ​ជាមួយនឹង​ម្តាយ​របស់ខ្ញុំ ដែល​ពេលនោះ​ក៏មាន​គូ​ផ្សេងៗ​ទៀត​ដែរ គឺមាន​ចំនួន​២៦​គូ (​ក្នុងនោះ​មាន​បងស្រី​ជីដូនមួយ​របស់ខ្ញុំ​ដែរ ដែល​គាត់​ទើប​មាន​អាយុ​១៤​ឆ្នាំ​) ត្រូវ​រៀបការ​ក្នុង​ថ្ងៃ​តែមួយ ក្នុងពេល​តែមួយ ដែល​ពិធី​នេះ​មាន​រយៈពេល​មួយ​ព្រឹក​។ នៅពេល​ថ្ងៃត្រង់​ក៏មាន​កាប់​គោមួយ​ក្បាល និង​កាប់​ជ្រូក​បី​ក្បាល និង​មាន​បន្លែ​បន្តិចបន្តួច ដើម្បី​ធ្វើ​ម្ហូប​។ ក្នុងពេល​រៀបការ​នោះ សា​ម៉ី​ខ្លួន​ទាំងប្រុស​ទាំងស្រី​ក្នុងចំណោម​ទាំង​២៦​គូ​នោះ ត្រូវ​ឡើង​ប្តេជ្ញាចិត្ត (​អ្នក​ឡើង​ប្តេជ្ញាចិត្ត​នៅខាងមុខ ចំណែក​ឪពុកម្តាយ​ខ្ញុំ និង​អ្នក​ឯទៀត អង្គការ​រៀបចំ​តុ​ឲ្យ​អង្គុយ​នៅ​ខាងក្រោយ​)​។ ការរៀប​មង្គលការ​ត្រូវបាន​បញ្ចប់​នៅពេល​ថ្ងៃត្រង់ ហើយ​ម្ហូប​ដែល​នៅ​សេសសល់​អាច​ទុក​ហូប​ពេល​ល្ងាច​បាន​ទៀត​។ ក្នុង​រយៈពេល​មួយឆ្នាំ អង្គការ​ខ្មែរក្រហម​ប្រកាស​អនុញ្ញាត​ឲ្យ​មាន​ពិធី​រៀបការ​ជុំគ្នា​បានតែ​ម្តង​តែប៉ុណ្ណោះ គឺ​ឲ្យ​អ្នក​ដែល​ពេញវ័យ មិនទាន់មាន​គូ​ធ្វើលិខិត​ដើម្បី​ស្នើសុំ​អង្គការ​រៀបការ ដោយ​អ្នកថ្មី​ត្រូវ​ស្នើសុំ​រៀបការ​ជាមួយ​អ្នកថ្មី​ដូចគ្នា​។ (​ឪពុកម្តាយ​ខ្ញុំ​ត្រូវ​គណៈ​ឃុំ​របស់​ខ្មែរក្រហម​ប្រមាថ​ធ្ងន់ៗ​ដល់​ជីវិត​នៅពេលដែល​គាត់​ទាំងពីរ​ចង់​ព្រមព្រៀង​រៀបការ​ជាមួយ​អ្នកផ្សេង ខុសពី​ច្បាប់​តម្រូវ​របស់​អង្គការ​ខ្មែរក្រហម​។ ពេលនោះ​ម្តាយ​ខ្ញុំ​គាត់​ប្រកែក​មិន​ព្រម​រៀបការ​ជាមួយ​ឪពុក​ខ្ញុំ​ម្តង​ជា​ពីរដង ដោយ​ចង់​ទ​ទូល​ការស្នើ​របស់​បុរស​ផ្សេង តែ​មិនអាច​បដិសេធ​ជាមួយ​អង្គការ​បាន​ព្រោះ​ម្តាយ​ខ្ញុំ ជា​អ្នក​១៧​មេសា រីឯ​បុរស​នោះ​ជា​ប្រជាជន​ចាស់​ចូលរួម​ក្នុង​ចលនា​របស់​ខ្មែរក្រហម​តាំងពី​មុន​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​។ ចំណែក​ឪពុក​ខ្ញុំ គាត់​ក៏បាន​ស្នើ​ទៅ​នារី​ម្នាក់​ដែលជា​អ្នកមូលដ្ឋាន​ចាស់ ក៏ត្រូវ​អង្គការ​បដិសេធ​ដូចគ្នា​ដោយ​ប្រើពាក្យ​ធ្ងន់ៗ​ដាក់​គាត់ គឺ​អ្នក​ចាស់​ត្រូវ​រៀបការ​ជាមួយ​អ្នក​ចាស់​)​។

​ការរៀប​ការ កាលពី​ឆ្នាំ​១៩៧៥ គូ​អ្នក​ចាស់ និង​គូ​អ្នកថ្មី ឲ្យ​រៀបការ​នៅ​កន្លែង​តែមួយ​ជុំគ្នា តែ​ដល់​ឆ្នាំ​១៩៧៦ អង្គការ​ឲ្យ​រៀបការ​នៅ​កន្លែង​ផ្សេងគ្នា​។ លុះដល់​ឆ្នាំ​១៩៧៧  អង្គការ​អនុញ្ញាត​ឲ្យ​គូ​អ្នកថ្មី និង​គូ​អ្នក​ចាស់​រៀបការ​ជុំគ្នា​នៅក្នុង​កន្លែង​តែមួយ​វិញ​។ អ្នក​រៀបការ​នៅ​ឆ្នាំ​១៩៧៧ មានសំណាង​ល្អ​ជាង​អ្នក​ដែល​រៀបការ​នៅក្នុង​ឆ្នាំ​១៩៧៥ និង​១៩៧៦ ព្រោះ​បាន​ហូប​គ្រប់គ្រាន់​។​

​នៅ​ចុងឆ្នាំ​១៩៧៧ យោធា​ខ្មែរក្រហម​ជាច្រើន​មកពី​ភូមិភាគ​និរតី បានមក​ចាប់​ប្រធាន និង​អនុប្រធាន​កង គណៈ​តំបន់ គណៈ​ស្រុក គណៈ​ឃុំ​ស្ទើរ​គ្រប់គ្នា​ដាក់ចូល​ក្នុង​រថយន្ត​ឃ្លុប​បិទ​ជិត​យកទៅ បាត់​ដំណឹង​រហូត ហើយ​ដាក់​អ្នក​មកពី​ខាង​និរតី​គ្រប់គ្រង​ជំនួស​អ្នក​ចាស់​វិញ​។ មិនយូរប៉ុន្មាន អ្នក​មកពី​ខាង​និរតី​ក៏​ចាប់ផ្តើម​ជម្លៀស​អ្នកស្រុក និង​ឪពុកម្តាយ​ខ្ញុំ​ឲ្យ​ទៅ​នៅ​ឃុំ​ជ្រៃ​ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង អស់​រយៈពេល​ប្រហែល​មួយឆ្នាំ រហូតដល់​ចុងឆ្នាំ​១៩៧៨​។ មុនពេល​ត្រូវ​ជម្លៀស​មក​នៅ​ឃុំ​ជ្រៃ គឺ​នៅ​ចុងឆ្នាំ​១៩៧៧ ម្តាយ​ខ្ញុំ​ត្រូវ​ស្នាក់នៅ​ចន្ទ្រា ខេត្តស្វាយរៀង​អស់​រយៈពេល​ប្រហែល​ពីរ​ខែ ក៏​ត្រូវបាន​អ្នកគ្រប់គ្រង​ខ្មែរក្រហម​នៅ​ចន្ទ្រា​ប្រាប់តៗ​គ្នា​ឲ្យ​មក​ហៅ​តា​ខាង​ម្តាយ​ខ្ញុំ ក៏ដូចជា​ចាស់ៗ​ដែល​រស់នៅ​ក្នុងភូមិ​ជាច្រើន​យកទៅ​បាត់​ឈឹង នៅ​ម្តុំ​ខាងជើង​ទី​រួម​ខេត្តស្វាយរៀង (​ក្រោយមក​ពេល​បែក​ឆ្នាំ​១៩៧៩ មាន​មនុស្ស​ម្នាក់​ធ្លាប់ធ្វើ​ឈ្លប​នៅ​ចន្ទ្រា ក្នុង​របប​ខ្មែរក្រហម បានមក​ប្រាប់​ម្តាយ​ខ្ញុំ​ថា តា​របស់ខ្ញុំ​ស្គម មាន​ពុកមាត់ ពុកចង្កា​វែងៗ ត្រូវបាន​ខ្មែរក្រហម​យក​ចប​វាយ​ទម្លាក់​ទៅក្នុង​រណ្តៅ ស្លាប់​យ៉ាង​វេទនា​)​។ មុន​ទៅ​ឃុំ​ជ្រៃ ខេត្តព្រៃវែង ម្តាយ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ឲ្យ​ទៅ​ជីក​ព្រែ​កនៅ​ស្រុក​រមាសហែក​។ ចំណែក​ឪពុក​ខ្ញុំ និង​អ្នក​ពេញកម្លាំង​ពី​២០​ទៅ​៣០​នាក់​ផ្សេងទៀត ត្រូវ​ទៅ​ច្រក​ស្រូវ និង​លី​ស្រូវ​ដាក់​ត្រាក់ទ័រ​នៅ​បាទី​, បាវិត និង វត្ត​កោះ  (​ស្ថិតនៅ​ខាងត្បូង​ទី​រួម​ខេត្ត​)​។ ក្នុងពេលនោះ មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​វៀតណាម និង​កងទ័ព​ខ្មែរក្រហម ដែល​ឪពុក​ខ្ញុំ​បានឃើញ​យោធា​ខ្មែរក្រហម​ស្លាប់​អស់​មួយចំនួន ហើយ​បាន​ឲ្យ​យុទ្ធ​នារី​សែង​ខ្មោច​ដើរ​ក្បែរៗ​ឪពុក​ខ្ញុំ ដោយ​ខ្មោច​ទាំងនោះ ខ្លះ​ត្រូវបាន​ឈ្លើង​ទាម​ជាច្រើន​។ នៅពេលដែល​មានការ​ប្រយុទ្ធ​គ្នា ក្រុម​របស់​ឪពុក​ខ្ញុំ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ​ពេល​ខ្លី ហើយ​ភាគច្រើន​ការ​វាយ​ប្រយុទ្ធ​គ្នា​កើតឡើង​នៅពេល​រសៀល​។ ដូច្នេះ គាត់​ត្រូវ​ផ្អាក​ពីថ្ងៃ​រសៀល​ដែរ រហូតដល់​ល្ងាច ក៏​ប្រញាប់​មក​សម្រាក​នៅ​កន្លែង​ដែលមាន​សុ​វត្តិភាព​ស្ថិតនៅ​ក្បែរៗ​ទី​រួម​ខេត្តស្វាយរៀង​វិញ​។

​មួយរយៈ​ក្រោយមក អង្គការ​តម្រូវ​ឲ្យ​ក្រុម​របស់​ឪពុក​ខ្ញុំ មក​ច្រក និង​លី​ស្រូវ​នៅ​ម្តុំ​អង្គ​តា​សូ ខាងជើង​ទី​រួម​ខេត្តស្វាយរៀង​។ ពេល​មក​ធ្វើការ​ច្រក និង​លី​ស្រូវ​នៅ​កន្លែង​នោះ គាត់​បាន​ដាំបាយហូប​ឆ្អែតៗ​។ ចំណែក​ម្តាយ​ខ្ញុំ គាត់​នៅ​ជីក​ព្រែក​ក្នុងស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន ទទឹង​ប្រវែង​ដប់​ម៉ែត្រ ជម្រៅ​បី​ម៉ែត្រ និង​បណ្តោយ​ជាច្រើន​គីឡូម៉ែត្រ ដែល​ការជីក​ព្រែក​នោះ គឺ​ត្រូវ​ជីក​កាត់​ព្រៃ​តែម្តង​។ ការងារ​ជីក​ព្រែក មានការ​លំបាក​ណាស់ តែ​ម្នាក់ៗ​នៅតែ​ខិតខំ​ធ្វើការ ហើយ​ចាស់ទុំ​ដែលជា​អ្នកមូលដ្ឋាន​នៅ​ទីនោះ​តែងមាន​បំណងល្អ និង​បាន​ជួយ​ប្រាប់​ឲ្យ​ចេះ​ត្រណម កុំ​ឲ្យ​និយាយ អ្វី​ផ្តេសផ្តាស​។ ហេតុនេះហើយ អ្នក​ដែល​ធ្វើការ​ងារ​ជីក​ប្រឡាយ​នៅ​ទីនោះ តែង​បាន​សុខ​ជា​ហូរហែ​រហូតមក​។ ចំណែក​ខាង​ក្រុម​បុរសៗ​មួយចំនួន​ដែល​មក​ជីក​ព្រែក​ដែរ ដែល​មាត់រអិល​និយាយ​ច្រើន ពេល​ឃើញ​មាន​ផ្គរលាន់ ឬ​ផ្លេកបន្ទោរ​ព្រាកៗ​លើ​មេឃ ក៏​និយាយ​លេងសើច​ថា នរណា​កេះ​ដែកកេះ​ទៀតហើយ និង​បាន​និយាយ​ពាក្យ​កំប្លុកកំប្លែង​មួយចំនួន បាន​ជួបនឹង​គ្រោះ​រន្ទះបាញ់​ស្លាប់​មួយ​ពីរ​មិនសូវ​លោះ​ថ្ងៃ​ឡើយ​។

​ឪពុកម្តាយ​ខ្ញុំ បានរស់នៅ​បែក​គ្នា​ជិត​មួយឆ្នាំ ចាប់ពី​ចុងឆ្នាំ​១៩៧៧ គឺ​ពេល​មានការ​វាយលុក​លុយ​ពី​សំណាក់​កងទ័ព​វៀតណាម​ចូលមក ម្តាយ​ខ្ញុំ​បាន​ស្នាក់នៅ​ចន្ទ្រា រហូតដល់​ឆ្នាំ​១៩៧៨ ទើបបាន​ជួបគ្នា​វិញ គឺ​ពេលដែល​ខ្មែរក្រហម​បានធ្វើការ​ជម្លៀស​ឲ្យ​គាត់​ទៅ​រស់នៅ​ម្តុំ​ឃុំ​ជ្រៃ ខេត្តព្រៃវែង​។ ម្តាយ​ខ្ញុំ​នៅតែ​រម្លឹក​រឿងរ៉ាវ​រប​ស់​ឪពុក​គាត់​ជា​ញឹកញាប់​ថា តាំងពី​នៅ​ក្មេង​ម្ល៉េះ តា​របស់ខ្ញុំ​ជាម​នុស្ស​មិនសូវ​ចូលចិត្ត​និយាយ​លេងសើច​ច្រើន​ទេ កម្រ​មាន​អ្នកណា​ហ៊ាន​វាយ​ធ្វើបាប ឬ​លេងសើច​ជាមួយ​គាត់​ណាស់ ព្រោះ​គាត់​ប្រកាន់​ច្រើន រហូត​ដល់ពេល​គាត់​ចូល​វ័យ​ជំទង់ គាត់​ចង់​ចេះ​វិជ្ជា​គុន​ទុក​ការពារ​ខ្លួន​។ គាត់​ខិតខំ​ព្យាយាម ហាត់រៀន​ណាស់ តែ​ការខិតខំ​ព្យាយាម​របស់​គាត់​មិនទាន់​ពូកែ​ល្មម​ឲ្យ​គាត់​ពេញចិត្ត​ទេ​។ ពេល​ចូលដល់​វ័យ​ក​ម្លោះ គាត់​បាន​លួច​យក​ក្របី​ឡើងក​មួយ​នឹម យកទៅលក់ ដើម្បី​មានលទ្ធភាព​ទៅ​ទី​ឆ្ងាយ ដូចជា​ខេត្តបាត់ដំបង​ជាដើម​ដើម្បី​ធ្វើការ​ហាត់រៀន​បន្ថែមទៀត រហូតដល់​ការ​ហាត់រៀន​របស់គាត់​បានសម្រេច​លទ្ធផល​ល្មម​សម​នឹង​ចិត្ត​របស់គាត់​។ គាត់​ថែមទាំង​ចេះ​ផ្សំ​ថ្នាំខ្មែរ​ព្យាបាល​អ្នកជំងឺ ដោយ​មិន​កំណត់​ទាមទារ​ប្រាក់​ពី​អ្នកជំងឺ​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​ឡើយ តែបើ​អ្នកជំងឺ​និយាយថា​ឲ្យ​ប្រាក់​ច្រើន តែ​ដល់ពេល​ព្យាបាល​ហើយ​ឲ្យ​ប្រាក់​មិន​គ្រប់ ឬ​ពេល​អ្នកជំងឺ​មិន​ឲ្យ​ម្តងៗ ក្នុង​ខ្លួន​របស់​តា​របស់ខ្ញុំ​តែង​ធ្វើទុក្ខ​លំបាក​ជានិច្ច​។ ពេលខ្លះ​គាត់​វាយ ដាល់​ផ្ទះ​ស្ទើរតែ​រលំ​ផ្ទះ​ផង​ក៏មាន​។​

​នៅ​ចុងឆ្នាំ​១៩៧៧ ដែល​កងទ័ព​វៀតណាម​វាយ​បណ្តេញ​យោធា​ខ្មែរក្រហម​មក​ជិត​មក​ដល់ទី​រួម​ខេត្តស្វាយរៀង កងទ័ព​វៀតណាម​បាន​កៀរ​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ជាមួយ​ដែរ​។ តែ​សំណាងល្អ ដែល​គ្រួសារ​ខ្ញុំ​បាន​រួចខ្លួន​ស្ទើរ​គ្រប់គ្នា​។ ជីតា​ខ្ញុំ​បាន​ក្រាញ​មិន​ព្រម​ឲ្យ​ទ័ព​វៀតណាម​កៀរ​យកទៅ​ជាមួយ​ទេ គាត់​បាន​ចូលទៅ​បន្លំ​ក្នុង​ហ្វូងគោ ក្របី ដេញចាប់​យក​គោ ក្របី​របស់គាត់​យកមក​ភូមិ​វិញ ដោយ​ក្នុង​ចិត្ត​គិតថា ស្រុកទេស​មាន​សន្តិភាព លែងកើត​សង្គ្រាម គ្មាន​ខ្មែរក្រហម​ណា​មកទៀត​ទេ​។ មាន​អ្នកចេះ​និយាយ​វៀតណាម បាន​សួរ​ទ័ព​វៀតណាម ហើយ​ទ័ព​វៀតណាម​បាន​ប្រាប់ថា កងទ័ព​ខ្លួន​អាច​ដកថយ​ទៅ​ស្រុក​វិញ ហើយ​ក្រុមខ្មែរក្រហម​អាច​នឹង​មកទៀត តែ​តា​ខ្ញុំ​មិន​ព្រម​ជឿ​គេ​ទេ​។ ដូចដែល​ទ័ព​វៀតណាម​បាន​និយាយប្រាប់​មែន បន្ទាប់ពី​ទ័ព​វៀតណាម​បាន​ដក​ទៅ​ស្រុក​វិញ​តាម​ការចរចា​បាន​មួយថ្ងៃ ខ្មែរក្រហម​បាន​ចូលមក​វិញ​ពេញ​ភូមិ​ស្រុក គឺ​នៅពេលនោះ​ហើយ ដែល​ជីតា​ខ្ញុំ​ភ្ញាក់ខ្លួន ហើយ​គាត់​អត់​ហូបបាយ​រយៈពេល​ពីរ​បី​ថ្ងៃ​ដោយសារ​កំហុស​របស់គាត់​។ មិនយូរប៉ុន្មាន ខ្មែរក្រហម បានមក​ប្រមូលយក​តា និង​ចាសៗ​ជាច្រើន​នៅ​ភូមិ​ក្បែរ​ទី​រួម​ខេត្ត យកទៅ ហើយ​បាន​បាត់​ខ្លួន​រហូតមក​។​
​បន្ទាប់ពី​ខ្មែរក្រហម​ជម្លៀស​អ្នកស្រុក​ចន្ទ្រា​ទៅ​ឃុំ​ជ្រៃ ខេត្តព្រៃវែង បាន​ជាង​ពីរ​ខែ ខ្មែរក្រហម​ក៏បាន​បញ្ជា​ឲ្យ​ជម្លៀស​បន្តទៅ​កន្លែង​ឆ្ងាយ​ទៀត ដែល​ការជម្លៀស​ពីដំបូង ពី​ម្តុំ​ជ្រៃ​ទៅដល់​កំពង់ចម្លង​អ្នក​លឿង​ដោយ​ថ្មើរជើង​។ ចំណែក​យាយ​ខាង​ឪពុក​ដែល​មក​មុន​ជាមួយ​មីង ត្រូវបាន​កត់​ឈ្មោះ​ចូលក្នុង​បញ្ជី​សៀវភៅ​ធំ​រួចហើយ ហើយ​ឲ្យ​អ្នកមាន​គ្រួសារ​មក​មុន​នោះ​ទៅ​នៅ​សហករណ៍​ពោធិ៍សាត់ និង​បាត់ដំបង ខុសពី​កន្លែង​សហករណ៍​ដែល​ឪពុកម្តាយ​អ៊ំ​ខ្ញុំ​មកដល់​ក្រោយ ប៉ុន្តែ​ខ្មែរក្រហម​ប្រគល់​សិទ្ធ​ឲ្យ​យាយ​ខាង​ឪពុក​ខ្ញុំ​តែ​ម្នាក់​គត់​ឲ្យ​ទៅ​នៅ​សហករណ៍​ខាង​មីង​ខ្ញុំ​ក៏បាន ខាង​ឪពុក​និង​អ៊ំ​ខ្ញុំ​ក៏បាន​។ កាលនោះ យាយ​ដើរ​ទៅមកៗ មិន​ចង់​ដាច់ចិត្ត​ពី​កូន​មួយណា​ទេ នៅពេល​ព្រឹក​រៀប​ចេញ​កាណូត​ពី​កំពង់ចម្លង​អ្នក​លឿង  យាយ​រលីងរលោង​ទឹកភ្នែក​ដើរ​ចុះ​ដើរ​ឡើងជា​ច្រើនដង​។ អ៊ំ​ប្រុស​ខាង​ឪពុក​ខ្ញុំ​ប្រាប់ថា យាយ​ឯង​តែ​ហ៊ាន​ទៅតាម​កូនស្រី ច្បាស់​ជា​ទឹកភ្នែក​ដល់​ក្បាលជង្គង់​មិន​ខាន ពេល​មាន​អាសន្ន​អន់ក្រ​អី កូនស្រី​មិនអាច​ជួយ​យកអាសា​បានឡើយ​។ យាយ​ដឹង​រឿងនេះ ប៉ុន្តែ​មិន​ដាច់ចិត្ត​ពី​កូនស្រី​ដែល​គ្នា​ទើបនឹង​មានកូន​ខ្ចី​ផង ក៏​សម្រេចចិត្ត​ទៅតាម​កូនស្រី​ទាំង​មិន​សម​នឹង​បំណង​ដែល​ចង់​សុំ​អង្គការ​ឲ្យ​អនុញ្ញាត​បានរស់នៅ​ជួបជុំ​កូនចៅ​ទាំងអស់​ក្នុង​សហករណ៍​តែមួយ​។ ចាប់ពីពេលនោះ​មក ក៏​បាត់​ដំណឹង​យាយ និង​មីង​ខាង​ឪពុក​រហូត​។

​ដំណើរ​ចេញ​តាម​កប៉ាល់​ពី​អ្នក​លឿង​តាំងពីព្រឹក​រហូតដល់​យ​ប់ ទើប​មកដល់​ច្បារអំពៅ បន្ទាប់ពី​អង្គការ​ចែក​បាយ និង​បញ្ចាំង​កុន​ឲ្យ​មើល​ចប់​មួយ​រឿង ក៏​ប្រញាប់​ឲ្យ​ប្រជាជន​ស្រូត​ឡើង​ជិះ​រថយន្តក្រុង​ធំៗ​បើក​សំដៅ​មក​ស្ថានីយ៍​រថភ្លើង​ទាំងយប់​បន្តដំណើរ​រហូត​ដល់​ភ្លឺ ទើប​មកដល់​វាល​មួយ​ម្តុំ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ពេលនោះ មាន​អ្នកគ្រប់គ្រង​ពីរ​បីនាក់​មក​រង់ចាំ​រួចជាស្រេច ហើយ​បាន​យក​បញ្ជី​ឈ្មោះ​មក​អាន និង​បាន​ទទួលយក​ប្រជាជន​ទៅតាម​កន្លែង​រៀងៗ​ខ្លួន​។ ចំណែក​ឪពុកម្តាយ​ខ្ញុំ​ត្រូវ​ទៅ​ហួស​ពី​ទីនេះ​ទៅដល់​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង គឺ​សហករណ៍ “​ចាហួយ​”​។​

​ចាប់ពី​ចុងឆ្នាំ​១៩៧៨ នៅ​សហករណ៍​ចាហួយ​នេះ ឪពុកម្តាយ​ខ្ញុំ ត្រូវបាន​ចាត់​ឲ្យ​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​គ្នា គឺ​ឪពុក​ខ្ញុំ​ត្រូវ​ទៅធ្វើ​ការ​ខាង​កាប់​ដង​កណ្តប់​យកមក​ក្រង​ធ្វើ​ស្លឹក​សម្រាប់​ប្រក់​ដំបូង​ផ្ទះ និង​ដើររក​អុស​នៅ​ព្រៃ​ជិតៗ​សហករណ៍ ហើយ​គាត់​បានទទួល​របប​អាហារ​ជា​បបរឈ្មោល​ហូប​ជាមួយនឹង​សម្ល​។ ចំណែក​ម្តាយ​ខ្ញុំ​វិញ ត្រូវ​ច្រូតស្រូវ​រហូតដល់​យប់ ហើយ​ត្រូវ​ដើរ​ប្រមូល​កណ្តាប់​ស្រូវ​ដែល​ច្រូត​បាន​យកទៅ​ឲ្យ​អ្នក​ផ្សេងទៀត​បោក រួចហើយ​ត្រូវ​ប្រមូល​ផល​ស្រូវ​ដែល​បោក​បែន​ហើយ​ច្រកចូល​ក្នុង​ការុង​ពណ៌​ស ក្នុង​មួយ​ការុង​ទម្ងន់​ប្រហែល​ម្ភៃ​គីឡូក្រាម​។ ពេល​ច្រក​រួចហើយ គាត់​ត្រូវ​ប្រ​ញ៉ាប់​ទូល​ការុង​ស្រូវ​ទាំងអស់នោះ យកទៅដាក់​ក្នុង​ជង្រុក​កណ្តាល​ព្រៃ​ដែលមាន​ចម្ងាយ​ប្រហែល​ជាង​ដប់​គីឡូម៉ែត្រ ដោយ​ក្នុង​មួយថ្ងៃ​ទួល​ឲ្យ​បាន​ពីរ​ការ​រ៉ុង (​បួន​ត្រឡប់​)​។  ការណ៍​ដែល​ជញ្ជូន​ស្រូវ​យកទៅដាក់​ក្នុង​ជង្រុក​កណ្តាល​ព្រៃ​នោះ មាន​ផ្លូវ​មួយ​ត្រូវបាន​ហាម​មិន​ឲ្យ​ដើរ​កាត ឬ​ដើរ​ក្បែរ​។ មាន​ពេល​មួយ ដោយ​អស់កម្លាំង​ខ្លាំង ម្តាយ​ខ្ញុំ​ក៏បាន​សម្រាក​ជ្រុលពេល​។ ដើម្បី​ស្រូត​ដំណើរ​ឲ្យ​លឿន​ទាន់ពេលវេលា គាត់​មិន​ដើរ​ផ្លូវ​វាង​ទេ គឺ​គាត់​ដើរ​ផ្លូវ​កាត់​ដែល​គេ​ហាម​មិន​ឲ្យ​ដើរ គឺ​ដើរ​តាម​ភ្លឺស្រែ​មាន​ប្រឡាយ​នៅក្បែរៗ​ស្រែ និង​មាន​រណ្តៅ​រាក់ៗ ដែល​ពេលនោះ​គាត់​បានឃើញ​សាកសព​បួនដប់​នាក់​ដែល​ទើបនឹង​សម្លាប់​ហើយ​ថ្មីៗ​។ ក្នុងចំណោម​សាកសព​ទាំងនោះ មាន​ខ្លះ​បង់ក​ក្រមា​ពណ៌​ខៀវ ដែល​អង្គការ​ទើបនឹង​ចែក​ឲ្យ​ប៉ុន្មាន​ថ្ងៃមុន​នឹង​យកមក​សម្លាប់​នេះ​។ មិន​ខុសគ្នា​ទេ មនុស្ស​ភាគច្រើន​ដែល​អង្គ​ការចែក​ក្រមា​ពណ៌​ខៀវ​ឲ្យ ត្រូវ​អង្គ​ការយកទៅ​សម្លាប់​ទាំង​គ្រួសារៗ ហើយ​បើតាម​ដឹង​ពី​អ្នកមូលដ្ឋាន​ដែលមាន​ចិត្តល្អ​មួយចំនួន បាន​និយាយ​ប្រាប់ថា គាត់​អាណិត​បងប្អូន​ខាង​ភូមិភាគ​បូព៌ា ដែល​អង្គការ​ជម្លៀស​យ​កមក​ទីនេះ​ណាស់ តាម​គម្រោង​របស់​អង្គការ គឺ​សម្លាប់ចោល​ទាំងអស់ តែ​ជាដំបូង​គេ​ទុក​កម្លាំង​ប្រើការ​សិន ហើយ​បើ​មាន​ផែនការ​ឲ្យ​សម្លាប់ គឺ​ត្រូវ​សម្លាប់​ក្នុង​មូ​យ​ថ្ងៃ​ចំនួន​ប្រាំ​គ្រួសារ​។​
​មាន​ពេល​មួយ​នោះ ម្តាយ​ខ្ញុំ​បាន​ត្រឡប់​មកពី​ងូតទឹក​វិញ ពួក​ឈ្លប​នៅ​សហករណ៍​ក្បែរ​នោះ ដើរមក​ផឹកស៊ី បាន​និយាយប្រាប់​ម្តាយ​ខ្ញុំ​ថា ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទៅ ក្រែង​មានភ័ព្វ​សំណាងល្អ មាន​គេ​មកជួយ​រំដោះ និង​មាន​ភ័ព្វសំណាង បាន​វិលត្រឡប់​ទៅ​រស់​នៅឯ​ស្រុកកំណើត​វិញ​។ បន្ទាប់មក កងឈ្លប​ក៏​ចង់​ស្នើសុំ​យក​ម្តាយ​ខ្ញុំ និង​គី្ន​គ្នា​គាត់​ពីរ​បីនាក់​ទៀត​ដែល​ធាត់ៗ មាន​សម្បុរ​សៗ យកទៅ​កន្លែង​របស់ខ្លួន តែ​ត្រូវបាន​ប្រធាន​របស់​ម្តាយ​ខ្ញុំ​ដែលមាន​ចិត្តល្អ​ជួយ​ដោះស្រាយ ដោយបាន​និយាយ​ត្អូញត្អែរថា គ្មាន​សល់​កម្លាំង​ច្រើន​ទុក​សម្រាប់​ធ្វើការ​ទេ នៅសល់តែ​ប៉ុណ្ណឹង សូម​អធ្យាស្រ័យ មិនអាច​ឲ្យ​បានទេ​។​
​ម្តាយ​ខ្ញុំ​រស់នៅក្នុង​សហករណ៍​បាត់ដំបង​បាន​រយៈពេល​ប្រហែល​ប្រាំ​ខែ សភាពការណ៍​កាន់តែ​ច្រ​បូល​ច្របល់ ដោយ​កងទ័ព​វៀតណាម និង​កងទ័ព​ខ្មែរ (​ខាង ហេង សំរិន​, ប៉ែន សុវណ្ណ​) បាន​វាយលុក​ចូល​មកពី​ទិស​ខាងលិច​ទី​រួម​ខេត្តបាត់ដំបង គឺ​វាយ​ចូលមក​សហករណ៍​កាត់​តាម​ព្រៃ​។ ហេតុនេះ ខ្មែរក្រហម​ទប់ទល់​មិន​ឈ្នះ ក៏​ប្រមូល​ប្រជាជន​នៅតាម​សហករណ៍​ផ្សេងៗ​ឲ្យ​មកជួប​ជុំគ្នា​។ បន្ទាប់មក អង្គការ​បាន​ចាត់​ឲ្យ​ប្រជាជន​មួយចំនួន​ទៅ​ជីករណ្តៅ​អស់​រយៈពេល​បី​ថ្ងៃ ដោយ​ជីក​បាន​ជម្រៅ​តែត្រឹម​ក្បាលជង្គង់​ប៉ុណ្ណោះ ដោយសារ​ដី​មាន​លាយ​ជាមួយ​ថ្ម​។ ចំណែក​ឪពុក​ខ្ញុំ​នៅ​ខាង​រៀបចំ​បាយទឹក​ឲ្យ​ប្រជាជន​ហូប ឯ​ម្តាយ​ខ្ញុំ​វិញ​នៅ​ក្រុម​ក្រងស្បូវ​វិញ​។ ក្នុងអំឡុង​ជីករណ្តៅ​រយៈពេល​បី​ថ្ងៃនោះ បើតាម​ការ​ឮ​តៗ គឺ​ដើម្បី​ធ្វើ​ជី​រូប​មនុស្ស (​សម្លាប់​មនុស្ស​ហើយ​យកមក​កប់​ក្នុង​រណ្តៅ​នេះ​)​។ ប៉ុន្តែ ដោយ​សភាពការណ៍​ចលាចល ព្រោះ​នៅតាម​កន្លែង​ជាច្រើន​នៅក្បែរៗ​នោះ មាន​ប្រជាជន​ជាច្រើន​កំពុង​ភៀសខ្លួន​ដើរ​ឆ្លងកាត់​កន្លែង​ដែល​ឪពុកម្តាយ​ខ្ញុំ​រស់នៅ ពេលនោះ​ម្តាយ​ខ្ញុំ​ក៏បាន​សួរ​អ្នក​ដែល​ដើរកាត់ ទើប​ដឹងថា វៀតណាម​បាន​វាយ​ចូលមក​បណ្តើរៗ​ហើយ ដោយមាន​ឮស្នូរ​គ្រាប់កាំភ្លើង​ជាច្រើន​ផង​។ បន្ទាប់មក ប្រធាន​រោង​បាយ បាន​នាំ​ប្រជាជន​ទៅ​ដេក​នៅក្នុង​ព្រៃ​ពីរ​យប់ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី​បី ទើប​ប្រាប់​ប្រជាជន​នៅ​សហករណ៍​ទាំងអស់គ្នា​ឲ្យ​រក​ស្រូវ អង្ករ​ទុក​ដោះស្រាយ​ហូប​រៀងៗ​ខ្លួន ហើយ​អាច​ចេញដំណើរ​ទៅ​កន្លែង​ផ្សេងៗ​ដែល​ខ្លួន​ចង់ទៅ​បាន​។

​ឪពុកម្តាយ​ខ្ញុំ រួមជាមួយ​អ្នក​នៅក្នុង​សហករណ៍​ផ្សេងទៀត បាន​ចាក​ចេញពី​សហករណ៍​នោះ ដោយ​ធ្វើដំណើរ​អស់​រយៈពេល​ពីរ​យប់​ពីរ​ថ្ងៃ លុះដល់​ព្រឹក​ថ្ងៃទី​បី​ប្រហែលជា​ម៉ោង​៧-៨ ទាំងអស់គ្នា​បាន​ជួប​ឈ្លប​ក្មេងៗ​ពីរ​នាក់​នៅក្បែរ​ផ្លូវរ​ថ​ភ្លើង បាន​លើក​កាំភ្លើង​បម្រុង​នឹង​បាញ់សម្លាប់​ក្រុម​គាត់ តែ​ដោយ​ឃើញ​ប្រជាជន​ច្រើន​កកកុញ និង​មានការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​ខ្លះ​ក្នុងចំណោម​នោះ​ឲ្យ​ត្រៀម​កាំបិត និង​ពូថៅ ដំបង​ធ្វើជា​អាវុធ ដើម្បី​ប្រយុទ្ធ​ប្តូរផ្តាច់​ជាមួយ​ឈ្លប់​ក្មេងៗ​ពីរ​នាក់​នោះ​ក្នុងករណី​បាញ់ ទើប​ក្មេង​ឈ្លប​ទាំងពីរ​នាក់​នោះ​មិន​ហ៊ាន​បាញ់ ហើយ​បាន​និយាយ​ប្រាប់ថា អ្នក​ទាំងអស់គ្នា​មានសំណាង​ហើយ​ដែល​កងទ័ព​ខ្មែរក្រហម​ទើបតែ​ដក​ចេញពី​ទីនេះ​កាលពី​ល្ងាចម៉ិញ​។ ឈ្លប់​ក្មេងៗ​ទាំងពីរ​នេះ​បាន​ប្រាប់ទៀតថា សូមកុំ​ធ្វើដំណើរ​ទៅ​ទិសខាងកើត ព្រោះ​ទ័ព​មិនទាន់​ដក​ទេ បើ​ទៅ​គួរ​ទៅ​ទិស​ខាងជើង​វិញ ព្រោះ​ទ័ព​បាន​ដក​ចេញពី​ល្ងាច​អស់ហើយ​។ ប្រជាជន​ទាំងអស់ ក៏បាន​ធ្វើដំណើរ​ទៅ​ទិស​ខាងជើង​តាម​ឈ្លប​ក្មេងៗ​ប្រាប់ គឺ​បាន​សុខ​សប្បាយ​មែន​។ ប៉ុន្តែ​ពេល​កំពុងតែ​ធ្វើដំណើរ​ទៅមុខ ដោយ​ការសប្បាយ​ភ្លេចខ្លួន ស្រាប់​តែមាន​មនុស្ស​ម្នាក់​រត់​មកពី​ក្រោយ ហើយ​ស្រែក​ប្រាប់ថា ឲ្យ​ខិតខំ​បង្កើនល្បឿន​ឲ្យ​លឿន ព្រោះ​ឈ្លប​ក្មេង​ពីរ​នាក់​នោះ បាន​ទៅ​ប្រមូលគ្នា​វា​នៅ​សហករណ៍ បាន​ចំនួន​ប្រហែល​សែសិប​នាក់​កំពុង​ដេញតាម​ពីក្រោយ និង​កៀរ​ប្រជាជន​បាន​មួយ​កំណាត់​ខាងក្រោយ​បាត់​ហើយ​។ ឯ​អ្នក​ខ្លះទៀត​ដែល​មិនទាន់​កៀរ​បាន ខំ​រត់​យ៉ាង​លឿន​ទៅមុខ និង​បាន​ប្រាប់​ប្រជាជន​ដែល​នៅខាងមុខ​ឲ្យ​ខំប្រឹង​ដើរ​ឲ្យ​លឿន​ដើម្បី​បាន​រួចផុត​ទុក្ខភ័យ​ទាំងអស់គ្នា​។ ក្នុងពេល​រត់​នោះ ម្តាយ​ខ្ញុំ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​រូបខ្ញុំ បាន​ប្រហែលជា​ពីរ​ទៅ​បី​ខែ គឺ​ចាប់ផ្តើម​ចាញ់​ដំបូង​នៅ​ខែ​ច្រូត (​ខែមករា ឬ​ខែកុម្ភៈ​)​។ ម្តាយ​ខ្ញុំ​ធ្វើដំណើរ​មកដល់​សហករណ៍​មួយ​នៅក្បែរនោះ​ដែលមាន​មនុស្ស​រស់នៅ​តិចតួច ហើយ​បើតាម​អ្នករស់នៅ​ទីនោះ​ប្រាប់ថា អ្នក​នៅក្នុង​សហករណ៍​នេះ​ភាគច្រើន​គឺ​កូនកាត់​ចិន​ដែល​បាន​ជម្លៀស​មកពី​ភ្នំពេញ ហើយ​ដល់​រយៈកាល​ក្រោយៗ​មក ដោយ​មានការ​ធ្វើបាប និង​មិនសូវ​ផ្តល់​អាហារ​ឲ្យ​ហូប​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ម្នាក់ៗ​ចុះ​ស្គម កើតមាន​ជំងឺ និង​ដេក​ដូ​ល​ស្លាប់​នៅក្នុង​ស្រែ​ជា​បន្តបន្ទាប់​។ ឪពុកម្តាយ​ខ្ញុំ​ចេះតែធ្វើ​ដំណើរ​ទៅ​មុខជា​បន្ត​រហូត​លែង​ឃើញ​ក្រុម​ឈ្លប​ដេញតាម​ពីក្រោយ​។ ពេលធ្វើ​ដំណើរ​បន្តបាន​បន្តិច ក៏បាន​ជួបនឹង​អ្នក​ជិះសេះ​ម្នាក់​ដែលជា​ទាហាន​ស៊ើបការណ៍ រួមជាមួយ​យោធា​ខ្មែរ និង​កងទ័ព​វៀតណាម​ជាច្រើន​បានមក​ប្រាប់ថា ខ្លួន​មក​រំដោះ​ទេ អ្នក​ទាំងអស់គ្នា​បាន​សុខ​សប្បាយ​ហើយ​។ និយាយ​ពី​អ្នកខ្លះ​ដែល​រត់​មក​ជាមួយគ្នា​ដែល​ចេះ​និយាយ​វៀតណាម បាន​សុំ​ថ្នាំពេទ្យ​ពី​ទ័ព​វៀតណាម​បាន​ខ្លះៗ ហើយក៏​មាន​អ្នក​ខ្លះទៀត​សុំ​ជិះ​រថយន្ត​ជាមួយ​កងទ័ព​វៀតណាម​មកដល់​ភ្នំពេញ​ទៀត​ក៏មាន​។​

​ការធ្វើដំណើរ​ចេះតែ​បន្ត​ជា​ហូរហែ ដោយពេល​ខ្លះ​ត្រូវ​ដើរ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ពេលខ្លះ​ត្រូវ​ដើរ​វាង​ចូល​ព្រៃ​ទៀត ទំរាំ​បានមក​ដល់​ផ្លូវ​កៅស៊ូ (​ផ្លូវជាតិ​លេខ​៥) និង​បន្ត​មកទៀត រហូត​ដល់ទី​រួម​ខេត្តពោធិ៍សាត់ ទើបបាន​ជួប​មីង​ខាង​ម្តាយ អ៊ំស្រី​ខាង​ម្តាយ និង​បង​ជីដូន​មូ​យ​ស្រី​ពីរ​នាក់ បងជីដូនមួយ​ប្រុស​ម្នាក់​។ ពេល​រស់នៅ​ជាមួយគ្នា ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ម្តាយមីង​ខ្ញុំ បាន​ដាំបាយ​អង្ករសម្រូប ពេល​ពិសារ​រួច​ធ្វើ​ឲ្យ​យាយ​ខ្ញុំ​ឈឺពោះ​ជា​រៀងរាល់ថ្ងៃ តាំងពី​រាក​មួយថ្ងៃ​ម្តង ពីរដង រហូតដល់​រាក​ញាប់​ឡើងៗ​។ នៅតាម​ផ្លូវ​ធ្វើដំណើរ ពេល​ឃើញ​ហាង​លក់​ថ្នាំ គាត់​ក៏​យក​អង្ករ​ទៅ​ដូរ​យក​ថ្នាំ​មក​ឲ្យ​យាយ​លេប តែ​ជំងឺ​មិនជា​សះស្បើយ​សោះ​។ សប្តាហ៍​ដំបូង យាយ​នៅ​ដើរ​បាន លុះ​ចូលដល់​សប្តាហ៍​ទី​ពីរ យាយ​កាន់តែ​ទន់​ទៅៗ ទើប​ក្រុមគ្រួសារ​ខ្ញុំ​ធ្វើ​រទេះ​ដាក់​យាយ​ហើយ​រុញ​រហូតដល់​មន្ទីរពេទ្យ​ស្រុក​ក្រគរ​។ យាយ​ខ្ញុំ​សម្រាក​ពេទ្យ​បាន​ចំនួន​បី​ថ្ងៃ គាត់​ក៏បាន​ស្លាប់​នៅ​ទីនោះ​ទៅ ដោយសា​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​។ ពេលនោះ អ្នកមាន​លុយ​ត្រូវបាន​គ្រូពេទ្យ​យកចិត្តទុកដាក់​សូរ​នាំ ពិនិត្យ និង​ផ្តល់​ថ្នាំ​ព្យាបាល​។ រីឯ​អ្នកក្រ អត់​មាន​លុយ​ដូចជា​យាយ​ខ្ញុំ (​លុយ​កាលនោះ​សំដៅ មាស ឬ​វត្ថុ​មានតម្លៃ​ផ្សេងៗ ដែល​អាច​ដោះដូរ​បាន​) រង់ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​។ ក្រុមគ្រូពេទ្យ​ទាំងនោះ មិនសូវ​មក​ក្បែរ​យាយ​ខ្ញុំ​ទេ មួយថ្ងៃ​ជួនកាល​មក​សួរ​គាត់​តែមួយ​ម៉ាត់​ពីរ ក៏​ដើរចេញ​លែង​មក​មើល​រហូត សូម្បីតែ​ថ្នាំ​មួយ​គ្រាប់ ក៏​មិនបាន​ផ្តល់​ឲ្យ​គាត់​ដែរ​។​

​រម្លឹក​ពី​អ៊ំស្រី គូ​យ ត្រូវ​បែក​ពី​កូនចៅ​រហូត ពេល​រត់​មក​ខាង​វៀតណាម​ដែល​កំពុង​រុល​ចូលមក​កាន់តែ​កៀក ក៏​ចំ​ខ្សែត្រៀម​របស់​ខ្មែរក្រហម​ដែល​កំពុង​ត្រៀម​ពួនស្ទាក់​ចាំ​បាញ់ប្រហារ​បណ្តាល​ឲ្យ​គាត់​ជាមួយនឹង​ប្រជាជន​ផ្សេងៗ​ទៀត ដែល​រត់​មកពី​ទិស​ជាមួយគ្នា​ស្លាប់​នៅពេលនោះ (​នេះ​តាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​បងស្រី​ជីដូនមួយ​របស់ខ្ញុំ ដែលមាន​អាយុ​ប្រហែល​នឹង​ម្តាយ​ខ្ញុំ​)​។ ចំណែក​អ៊ំ​ប្រុស ផែ វិញ ដែលជា​កម្មាភិបាល​ខ្មែរក្រហម​ធ្វើការ​នៅ​ឃុំ និង​ស្រុក ក៏ត្រូវ​កម្មាភិបាល​ដូចគ្នា​ដែលមាន​ចិត្ត​ច្រណែន​ដោយ​ឃើញ​អ៊ំ​មាន​ប្រជាប្រិយភាព​ជាង បានរួម​គំនិត​គ្នា​ចាប់គាត់​យកទៅ ហើយ​តាំងពី​ពេល​នោះមក​មិនបាន​ឃើញ​គាត់​វិលត្រឡប់​មកវិញ​ទេ គឺ​បាត់​ខ្លូន​រហូត (​ឪពុកម្តាយ​ខ្ញុំ​នៅចាំ​អ្នក​ដែល​ធ្វើបាប​អ៊ំ ប៉ុន្តែ​គាត់​មិន​ចង់​រម្លឹក​រឿងនេះ​ឡើងវិញ​ទេ​)​។

​បន្ទាប់ពី​យាយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្រគរ​បាន​រយៈពេល​បី​ថ្ងៃ ក្រុមគ្រួសារ​ខ្ញុំ​បានរៀបចំ​បញ្ចុះសព​នៅ​កន្លែង​មួយ​រួចរាល់​ហើយ ក៏បាន​ធ្វើដំណើរ​បន្តម​កទៀត​។ ការធ្វើដំណើរ​លើក​នេះ ហាក់​បាន​លឿន​ជាង​កាលពី​យាយ​នៅមាន​ជីវិត​។ ឪពុកម្តាយ​ខ្ញុំ​ធ្វើដំណើរ​បាន​ប្រហែល​ជាង​កន្លះ​ខែ បានមក​ដល់​ខាង​ត្បួ​ង​ផ្សារ​ត្រាច​ម្តុំ​លង្វែក​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ឆ្នាំង កងទ័ព​វៀតណាម​ក៏​ឲ្យ​ជិះ​រថយន្ត​មក​ភ្នំពេញ​ជាមួយ (​ពេលនោះ​អ្នកបើករថយន្ត​កងទ័ព​វៀតណាម​ខ្លះ ក៏​មិនមាន​សន្តាន​ចិត្តល្អ​ដែរ ទោះ​ជិះ​គ្នា​តែ​ពីរ​នាក់ ហើយ​រថយន្ត​ធំ​ទូលាយ​យ៉ាងណាក៏ដោយ ក៏​មិន​ខ្ចី​មើល​អ្នកធ្វើដំណើរ​ដោយ​ថ្មើរជើង​តាមផ្លូវ ឬ​ឈប់​ហៅ​ឲ្យ​ជិះ​ជាមួយ​ដែរ ប្រសិនបើ​បាន​រថយន្ត​កងទ័ព​វៀតណាម​ដែលមាន​សន្តាន​ចិត្តល្អ​ឲ្យ​ជិះ​តាំងពី​រត់គេច​ចេញពី​ខ្មែរក្រហម​ពីដំបូង ម្ល៉េះ​យាយ​ខ្ញុំ​នៅមាន​ជីវិត​ដើម្បី​ឲ្យ​ចៅៗ​បាន​ស្គាល់មុខ​គាត់​មិន​ខាន​)​។

​ជិះ​រថយន្តទ័ព​វៀតណាម​បាន​ប្រហែល​មួយ​ម៉ោង ក៏​មកដល់​ភ្នំពេញ​នៅវេលា​ថ្ងៃត្រង់ និង​បាន​ជួប​មីង​ខាង​ម្តាយ​ដែល​វង្វេង​បែក​គ្នា​នៅ​ម្តុំ​ទី​រួម​ខេត្តពោធិ៍សាត់​។ បន្ទាប់មក​យើង​ក៏បាន​រៀបរាប់​ប្រាប់​ពី​ដំណឹង​យាយ​ស្លាប់ គាត់​ក៏​ស្រែក​ទ្រហោយំ​យ៉ាងខ្លាំង ដោយ​អាណិត​យាយ មិន​គូរ​មានរឿង​បែបនេះ​កើតឡើង​ឡើយ​។ ម្តាយ​ខ្ញុំ​បាន​ជួប​អ៊ំ​ប្រុស​ប្តី​របស់​អ៊ំស្រី​ខាង​ម្តាយ និង​បងប្អូន​ផ្សេងទៀត ហើយ​បាន​ទៅ​រស់នៅ​ជុំគ្នា​នៅ​ខាងត្បូង​ពេទ្យ​ធំ (​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​) បាន​ប្រហែលជា​ប្រាំ​មួយខែ រដ្ឋ​ក៏បាន​ដេញ​ឲ្យ​ចេញពី​ទីនោះ​ដោយ​ប្រាប់ថា ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ ក្រោយមក យើង​ក៏បាន​រើ​ទៅ​រស់នៅ​ខាងជើង​ផ្សារ​អូរឫស្សី​ជាន់​ទីមួយ (​គឺ​នៅ​ទីនោះ​ហើយ​ដែល​ម្តាយ​ខ្ញុំ​បាន​ផ្តល់កំណើត​ឲ្យ​ខ្ញុំបាទ អ៊ុក សោភ័ណ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៨០ នៅ​មន្ទីរពេទ្យ​ព្រះអង្គដួង​)​។ ផ្ទះ​នៅ​អូរឫស្សី​ជាន់​ខាងក្រោម រដ្ឋ​ឲ្យ​អ៊ំ​ប្រុស​អ៊ំស្រី​រស់នៅ ដោយសារ​គាត់​មានកូន ហើយ​ម្យ៉ាង​អ៊ំ​ប្រុស​ខិតខំ​ធ្វើការ និង​យកចិត្ត​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ខ្លាំង ទើប​គេ​ព្រម​ឲ្យ​ផ្ទះ​នៅ​។ ចំណែក​ឪពុកម្តាយ​ខ្ញុំ អ្នកគ្រប់គ្រង​នៅ​ទីនោះ​មិន​អនុញ្ញាត​ឲ្យ​រស់​នៅទេ​។ ដោយនៅ​ជាន់​ទីមួយ​ខាងលើ មាន​ចោរ​ចូល​លួច​គាស់​ញឹកញាប់​ពេក អ៊ំ​ប្រុស​ក៏បាន​ប្តូរ​ផ្ទះ​ទៅ​រស់នៅ​ខាងកើត​ឃ្លាំង​រំសេវ​វិញ​។ រស់នៅ​ខាងកើត​ឃ្លាំង​រំសេវ​បាន​ប្រហែល​ជិត​ពីរ​ឆ្នាំ ម្តាយ​ខ្ញុំ​ក៏បានផ្តល់​កំណើត​ដល់​ប្អូនស្រី​របស់ខ្ញុំ​ម្នាក់ទៀត​ឈ្មោះ អ៊ុក ច័ន្ទ​សិរី​រដ្ឋា គឺ​កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៨១​។ បន្ទាប់មកទៀត យើង​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ម្តុំ​ដេ​អិន ក្បែរ​ម្តាយមីង និង​ប្តី​របស់គាត់​ធ្វើជា​ទាហាន​។ ប្រហែលជា​ប្រាំ​ខែក្រោយ​មក ម្តាយមីង​ខ្ញុំ បាន​ផ្លាស់ប្តូរ​ទៅ​រស់​នៅឯ​ខេត្តកំពង់ស្ពឺ​វិញ ពេលនោះ ឪពុក​ខ្ញុំ​ក៏បាន​សុំ​ផ្ទះ​អតីត​សណ្ឋាគារ​ហា​វៃ​ខាងកើត​ផ្សារ​ធំថ្មី ដើម្បី​ស្នាក់នៅ ព្រោះ​កន្លែងធ្វើការ​របស់គាត់​នៅក្បែរ​ទីនេះ​ដែរ (​ឪពុក​ខ្ញុំ​បាន​ចូលធ្វើការ​នៅក្នុង​ក្រសួងពាណិជ្ជកម្ម តាំងពី​ចូលដល់​ភ្នំពេញ​ដំបូង​ក្នុង​ខែមិថុនា ឆ្នាំ​១៩៧៩ ម្ល៉េះ​)​។ រដ្ឋ​ក៏បាន​អនុញ្ញាត​ឲ្យ​ផ្ទះ​ដែល​ពោរពេញ​ដោយ​សម្រាម​នោះ​នៅ (​ផ្ទះ​នេះហើយ​គឺជា​ទីកន្លែង​ដែល​បានផ្តល់​កំណើត​ដល់​ប្អូនប្រុស​ពៅ​របស់ខ្ញុំ​ឈ្មោះ អ៊ុក សេរី​វុ​ឌ្ឍី កើត​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៨៤)​។

​ចាប់តាំងពី​ឆ្នាំ​១៩៨២ រហូតដល់​ឆ្នាំ​២០០៥ គ្រួសារ​របស់ខ្ញុំ ត្រូវបាន​ផ្លាស់ប្តូរ​កន្លែង​ស្នាក់នៅ​ជា​បន្តបន្ទាប់ ជាច្រើន​កន្លែង​គឺ ឆ្នាំ​១៩៨២ នៅ​ខាងកើត​ផ្សារ​ធំថ្មី ឆ្នាំ​១៩៩២-៩៦ នៅ​ផ្សារ​ស្លឹក ក្បែរ​ទូត​អាមេរិក​ចាស់ ពី​ឆ្នាំ​១៩៩៦-៩៩ នៅ​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពី​ឆ្នាំ​១៩៩៩-២០០៥ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មូ​ញ ខណ្ឌឫស្សីកែវ រហូតមកដល់​សព្វថ្ងៃ​រស់នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សាច់ញាតិ​ទាំង​ខាង​ឪពុក ទាំង​ខាង​ម្តាយ យ៉ាងតិច​១២​នាក់ (​អាចមាន​ចំនួន​ច្រើនជាង​នេះ ពីរ​ឬ​បី​ដង​) បាន​ស្លាប់​ដោយ​អយុត្តិធម៌​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដែល​បាន​កាន់អំណាច​ពីថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម គ្រួសារ​ឪពុកម្តាយ​ខ្ញុំ ក៏ដូចជា​គ្រួសារ​ខ្មែរ​ផ្សេងៗ​ទៀត​ដែរ មាន​សេចក្តី​ភ័យខ្លាច​កាន់តែខ្លាំង នៅពេលដែល​ការជម្លៀស​បានធ្វើ​ឡើងរ​ហូត​ទាល់តែ​គាត់​ទៅ​កន្លែង​ផ្សេងៗ និង​កាន់តែ​ឆ្ងាយ​ទៅៗ​។ ការព្រួយបារម្ភ​បង្ហាញ​កាន់តែច្បាស់ នៅពេល​ឃើញ​រួប​ភាព​ផ្ទាល់ ការស្លាប់​កាន់តែច្រើន មិន​ថា​ការយកទៅ​រៀនសូត្រ ការបាត់​ខ្លួន​រហូត​មិនឃើញ​វិលត្រឡប់​មកវិញ​ជាដើម​។ ការ​រស់​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ ទោះ​ខំធ្វើការ​រហូតដល់​ម៉ោង​ដប់​យប់​សម្រាក ក៏​មិន​ប្រា​ដក​ថា​អាច​រួចខ្លួន​ឡើយ ជួនណា​អាចមាន​ការ​មក​ហៅ ឬ​ចាប់ចង ភ្ជង់​យកទៅ​ទាំងយប់​ទៀត​ក៏មាន​។ របស់​តិចតួច​ដែល​ខំ​ចិញ្ចឹម ខំ​ដាំ​ដុះ​បាន ទោះ​ឃ្លាន​យ៉ាងណា​ក៏​គ្មាន​សិទ្ធិ​ហូប​របស់​ខ្លួនឯង​ឡើយ គឺ​ត្រូវ​ប្រមូល​យកទៅដាក់​រួម​ទាំងអស់​។ មាន់ ទា ត្រី ដំឡូង បើ​ចង់​ហូប​ខ្លាំង ជៀស​មិន​រួច​ពី​ត្រូវ​រៀន​ធ្វើ​ចោរ រៀន​លួច​ទេ ហើយ​បើ​ចង់បាន​ម៉ើ​ម​ដំឡូង​ហូប ត្រូវ​គាស់​យ៉ាងណា​កុំ​ឲ្យ​ស្រពោន​ងាប់​ដើម មាន់​អាច​ស្ងោ​ក្នុង​កំសៀវ​ហូប​បាន​នៅពេល​យប់​ស្ងាត់ កុំ​ឲ្យ​កងឈ្លប​ដឹង​ឲ្យ​សោះ បើ​មិន​ចង់​មាន​ទុក្ខភ័យ​ដល់​ខ្លួន​។ ក្រមា​ពណ៌​ខៀវ​ដែល​អង្គ​ការចែក​ឲ្យ​ប្រជាជន​ណា​ហើយ គឺ​ត្រូវស្លាប់​ទាំងអស់ អ្នក​ដែល​អាច​នៅមាន​ជីវិត​រស់​គឺមាន​តិចតួច​ណាស់​។ ឪពុក​ខ្ញុំ​ផ្ទាល់​ក៏​ទទួលបាន​ក្រមា​ពណ៌​ខៀវ​នេះដែរ គាត់​ធ្លាប់​បានឃើញ​គំរូ​អ្នក​មុន​ជាច្រើន​ដែល​បាន​ស្លាប់​ដោយបាន​ក្រមា​ពណ៌​ខៀវ​នេះ ធ្វើ​ឲ្យ​គាត់​កាន់តែ​មានការ​ប្រយ័ត្នប្រយែង​ទ្វេរ​ឡើង កាន់តែ​ខិតខំ​ធ្វើការ​ដើម្បី​យកចិត្ត​ខ្មែរក្រហម ហើយ​ក្រមា​នោះ​គាត់​ឧស្សាហ៍​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​វា​ប្រែ​ពណ៌​ខុសពី​ខៀវ ខុសពី​រូបភាព​ដើម​។ សូម្បី​អ្នកមូលដ្ឋាន​ក៏​មិន​រាប់​ថា បាន​សុខ​ទាំងអស់​ដែរ មាន​អ្នកខ្លះ​ដែល​ក្រុម​អង្គការ​ថ្នាក់លើៗ​មានការ​សង្ស័យ មិន​ទុកចិត្ត​រឿង​អ្វីមួយ រាប់ទាំង​អ្នកមាន​សមានចិត្ត​ល្អជា​មួយ​ប្រជាជន​ថ្មី ក៏​មិនសូវ​ជា​រួចខ្លួន​ដែរ​។ មាន​ខ្លះ​ត្រូវ​ជម្លៀស​ចេញពី​ស្រុកភូមិ មកជា​មួយ​អ្នកថ្មី​ក៏មាន ហើយ​បាត់​ខ្លួន​នៅ​មូលដ្ឋាន​របស់ខ្លួន​ផ្ទាល់​ក៏មានដែរ​។

​ខ្ញុំបាទ​ជា​សាច់ញាតិ​ម្នាក់​របស់​ជង​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដែល​រូប​ខ្ញុំបាទ​ផ្ទាល់​មិនបាន​កើត​ទាន់​ហេតុការណ៍​ក្នុង​របប​ហ្នឹង​មែន ប៉ុន្តែ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​ជាខ្លាំង ជាពិសេស​រឿង​ពិត​ក្នុង​របប​ខ្មែរក្រហម​។ តាំងពីក្មេងៗ​មកម្ល៉េះ ចាប់ពី​រៀន​នៅ​សាលាបឋមសិក្សា ខ្ញុំ​បានដឹង​រឿងនេះ​ពី​ឪពុកម្តាយ​ជា​បណ្តើរៗ រួមទាំង​ដឹង​ពី​ប្រភព​ផ្សេងៗ មាន​សាច់ញាតិ អ្នកជិតខាង ឯកសារ​ជាច្រើន​ដែលមាន​នៅក្នុង​ថ្នាក់រៀន និង​ក្រៅ​ថ្នាក់រៀន​។​

​ជាទី​បញ្ចប់ ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន កូន​ក្មូ​យ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​យក​នូវ​ចំណេះដឹង​ផ្សេងៗ​ឲ្យ​បាន​ច្រើន គួបផ្សំ​ជាមួយនឹង​ការ​មាន​សីលធម៌​ល្អ​ឲ្យ​បាន​គ្រប់ពេលវេលា ដើម្បី​បានក្លាយ​ខ្លួន​ទៅជា​ពលរដ្ឋ​ល្អ ហើយ​រួមគ្នា​បញ្ជៀ​ស​នូវ​គ្រោះមហន្តរាយ​ធំៗ​ដល់​ប្រទេសជាតិ​យើង និង​រួមគ្នា​ពាំនាំ​យកមក​វិញ​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​សុខសន្តិភាព​ពិតប្រាកដ​មូ​យ​ដល់​ប្រទេសជាតិ​របស់​យើង​៕

 ​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​
ឪពុកម្តាយរបស់ សោភ័ណ ថតនៅហាង SPK ម្តុំវត្តកោះ ឆ្នាំ១៩៨៤

 ​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​
សោភ័ណ និងប្អូនស្រី ​អ៊ុក ច័ន្ទសិរីរដ្ឋា​ ថតឆ្នាំ១៩៨៥

 ​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​
ប្អូនប្រុសរបស់ សោភ័ណ អ៊ុក សេរីវុឌ្ឍី ថតឆ្នាំ១៩៨៥

 ​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​
ឪពុកម្តាយរបស់ សោភ័ណ ថតនៅសង្កាត់ឃ្មួញ ឆ្នាំ១៩៨៨

 ​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​
រូបរាប់ពីឆ្វេង ជា សាម៉េន ជា សុផល (ម្តាយ សោភ័ណ) ជា សាម៉ាត់ និង ជា ឆាំ ឆ្នាំ២០០៥


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM