មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

​ប៉ា​ខ្ញុំ​មិនដែល​ដឹងថា​មានការ​សម្លាប់​មនុស្ស​នោះទេ​

​ដោយ ៖ប៉ោ គឹម​ហុក បុគ្គលិក​ស្ម័គ្រ​ផ្នែក​កុន នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 08:28:AM

​ជីវិត​ប៉ា​របស់ខ្ញុំ​ឈ្មោះ ប៉ោ ឈៀង បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​តាំងពី​សម័យ លន់ នល់ មកម្ល៉េះ ដែល​ពេលនោះ​គាត់​ស្ថិតក្នុង​វ័យក្មេង​នៅឡើយ​។ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព លន់ នល់ និង​កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​កើតឡើង​ជា​ញឹកញយ​។ គ្រួសារ​ប៉ា​របស់ខ្ញុំ​ដែល​រស់នៅ​ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នា​ភៀសខ្លួន​មក​នៅក្បែរ​ស្រុក​បាទី ដែល​ក្រោយមក​តំបន់​នោះ​ត្រូវបាន​ហៅថា គុក​សង់​។ មិនមែន​តែ​គ្រួសារ​របស់​ប៉ា​ខ្ញុំ​ដែល​ភៀសខ្លួន​មក​នោះទេ មានគ្រួសារ​ជាច្រើន​ទៀត ក៏​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធ​គ្នា​នេះដែរ​។ ដោយ​ទីតាំង​ដែល​គ្រួសារ​របស់​ប៉ា​ខ្ញុំ​ភៀសខ្លួន​មក​រស់នៅ ស្ថិតក្នុង​តំបន់​ខ្មែរក្រហម ហេតុនេះ អ្នក​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការវាយលុក​របស់​កង​ទ័ព លន់ នល់​។ ប៉ា​របស់ខ្ញុំ ត្រូវ​ពរ​ប្អូនប្រុស​តូច ដើរ​រើស​ដំឡូង ដើម្បី​ហូប​ចម្អែត​ក្រពះ ហើយ​ពេលខ្លះ​ត្រូវ​រត់​ចូល​លេណដ្ឋាន​ភ្លាមៗ នៅពេលដែល​ឮ​សំឡេង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ហោះ​មកកាន់​តែ​ជិត​។ ពេលខ្លះ​គ្រួសារ​របស់គាត់ ត្រូវ​បង្ខំចិត្ត​នាំគ្នារ​ត់ទៅ​ដេក​ក្នុងព្រៃ នៅពេលដែល​កងទ័ព លន់ នល់ បើក​ការវាយប្រហារ​ជាមួយនឹង​កងទ័ព​ខ្មែរក្រហម​។​

​បន្ទាប់ពី​ជ័យជម្នះ​របស់​កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គ្រួសារ​ប៉ា​របស់ខ្ញុំ បានសម្រេច​ចិត្ត​នាំគ្នា​ធ្វើដំណើរ​មក​ស្រុកកំណើត​នៅឯ​ភូមិ​គ្រាំង​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​វិញ​។ ពេលមកដល់​ភូមិ ប៉ា​របស់ខ្ញុំ​បាន​ឲ្យ​ដឹងថា ប្រជាជន​ត្រូវបាន​អង្គការ​បំបែក​ចេញពី​គ្រួសារ ឲ្យ​ទៅធ្វើ​ការ​តាម​ក្រុម ឬ​កង​រៀងៗ​ខ្លួន​។ ប៉ា​របស់ខ្ញុំ​ដែល​ពេលនោះ​មើលទៅ​មាឌ​រាង​ធំ​បន្តិច​មែន ប៉ុន្តែ​គាត់​មាន​វ័យ​ខ្ទង់​១០​ឆ្នាំ​នៅឡើយ ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ចូលក្នុង​កងកុមារ ដែលមាន​កាត​ព្ធ​កិច្ច រែក​អាចម៍គោ រែក​កណ្តាប់ លើក​ប្រព័ន្ធ​ភ្លឺស្រែ ជីក​ប្រឡាយ និង​កាប់​ទន្ទ្រានខែត្រ​យកមក​ធ្វើ​ជី​។ លុះ​ក្រោយមក ប៉ា​របស់ខ្ញុំ​ត្រូវបាន​អង្គការ​ជ្រើសរើស​ចូលក្នុង​ក្រុម​វ័យ​ជំទង់ ដោយមាន​ភារកិច្ច​មើលថែ និង​ឃ្វាលគោ​។ សមាជិក​វ័យ​ជំទង់​របស់គាត់ មាន​សមាជិក​សរុប​១០​នាក់ ត្រូវ​មើល និង​ឃ្វាលគោ​ចំនួន​១០០​ក្បាល​។ ប៉ា​របស់ខ្ញុំ និង​ក្រុម​របស់គាត់ ត្រូវ​ឃ្វាលគោ​ពី​តំបន់​ចម្ការ​កែវ នៅ​ស្វាយ​បី​ដើម រហូតដល់​ដើម​គ្រង និង​ក្តា​ក់ ដែលមាន​ទីតាំងនៅ​ជិត​ផ្លូវ​រថភ្លើង​។ គាត់​បាន​រំឭក​ប្រាប់​ខ្ញុំ​ថា ពេលធ្វើការ​នៅក្នុង​ក្រុម​ឃ្វាលគោ គាត់​ហាក់ដូច​ជាមាន​សេរីភាព​ខ្លះ ព្រោះ​មានតែ​ចាស់ៗ​ពីរ​នាក់ ដែល​នៅ​គ្រប់គ្រង​លើ​ក្រុម​របស់គាត់​។ ក្រុម​របស់គាត់​ច្រើន​ឃ្វាលគោ​កាត់​ព្រៃ កាត់​វាល ហេតុនេះ ការហូបចុក​មិនមែនជា​បញ្ហា​សម្រាប់​គាត់​ទេ ព្រោះ​គាត់​អាច​បេះ​ផ្លែឈើ​ហូប​បន្ថែម​បាន ដូចជា ផ្លែ​ត្របែក ត្នោត​ទុំ កំពីងត្នោត និង​ត្រី​ដែលមាន​នៅក្នុង​រណ្តៅ​គ្រាប់​បេ យកមក​ធ្វើ​ម្ហូប​បាន​។ ថ្ងៃមួយ​មេគោ​បាន​កើតកូន​មក​ងាប់ ចាស់ៗ​ទាំងពីរ បាន​យក​កូន​គោ​រលូត​នោះ មក​ធ្វើជា​អាហារ​ចែកគ្នា​ហូប​តែម្តង ដោយ​មិនបាន​រាយការណ៍​ទៅ​អង្គការ​ពី​រឿងនេះ​ទេ​។​

​មុន​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​មួយឆ្នាំ ប៉ា​របស់ខ្ញុំ​បានស្នើ​សុំ​ការអនុញ្ញាត​ពី​មេកង​មកលេង​ផ្ទះ​បាន​ពីរ​បី​ដង​។ ប៉ា​ខ្ញុំ​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​ទេ នៅពេល​មានការ​វាយលុក​ពី​សំណាក់​កងទ័ព​វៀតណាម គឺ​គាត់​នៅ​ឃ្វាលគោ​តែប៉ុណ្ណោះ​។ តែដោយសារ​កន្លែង​គាត់​ឃ្វាលគោ ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​លេខ​៣ គាត់​ក៏បាន​ឃើញ​ក្បួន​រថយន្ត​របស់​កងទ័ព​វៀតណាម ជាច្រើន​គ្រឿង និង​ឮ​ការប្រកាស​តាម​មេក្រូ​ថា ទីក្រុង​ភ្នំពេញ​ត្រូវបាន​រំដោះ​ហើយ​! ប៉ា​ខ្ញុំ​ក៏បាន​ឃើញ​ក្រដាស​ត្រាក់​សរសេរ​ពី​ការរំដោះ​ទីក្រុង​ភ្នំពេញ​ដែរ តែ​ពេលនោះ​គាត់​មិន​យល់​ន័យ ខ្លឹមសារ​ទាំង​នោះទេ​។​

​លុះ​ព្រឹក​ឡើង ទើប​អ្នក​ឃ្វាលគោ ដែលមាន​ស្រុកកំណើត​ជាមួយ​គាត់ បាន​បបួល​គាត់ ទៅរក​គ្រួសារ និង​ត្រឡប់មក​ស្រុកកំណើត​វិញ​។ គ្រួសារ​ប៉ា​របស់ខ្ញុំ បានធ្វើ​ដំណើរ​ត្រឡប់មក​ស្រុកកំណើត ប៉ុន្តែ​បាន​ជួប​ជាមួយនឹង​យោធា​ខ្មែរក្រហម ក៏ត្រូវ​ខ្មែរក្រហម​កៀរ​ទៅជា​មួយ​រហូតដល់​តំបន់​គុក​សង់ ទើប​គ្រួសារ​ប៉ា​គេចខ្លួន និង​ធ្វើដំណើរ​បន្ត​មក​ស្រុកកំណើត​។ ប៉ា​រស់នៅ​ស្រុកកំណើត​មិនបាន​យូរ​ទេ ការ​វាយ​ប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ខ្មែរក្រហម​បានកើត​ឡើងជា​ថ្មី ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​ប៉ា​របស់ខ្ញុំ សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​រស់នៅ​ភូមិ​ចេក ដែល​ស្ថិតក្នុង​តំបន់​បឹង​ជើងឯក ដែល​ក្រោយមក​ត្រូវបាន​ប្រជាជន​កម្ពុជា​ស្គាល់​ជាទូទៅ​ថា «​វាលពិឃាត​បឹង​ជើងឯក​»​។ មកដល់​បឹង​ជើងឯក ប៉ា​របស់ខ្ញុំ​មិនបាន​ឃើញ​សាកសព​ទេ តែ​អ្វីដែល​គាត់​បានឃើញ​ត្រឹមតែ ដែកថ្នាំងអំពៅ​ចង​ជាមួយ​ក្រមា​សម្រាប់ ចង វាយ​ធ្វើ​ទារុណកម្ម ធុង​ថ្នាំពុល និង​ថ្មសំលៀង​កាំបិត​ជាដើម​។ គាត់ និង​គ្រួសារ​រស់នៅ​ភូមិ​ចេក​បាន​មួយរយៈ ក៏​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ស្ថានភាព​នៅ​ទីនោះ​នឹងនរ និង​លែងមាន​ការប្រយុទ្ធ​គ្នា​ទៀត​។​

​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​នោះ​គឺ អំឡុង​ពេលដែល​ប៉ា​របស់ខ្ញុំ​រស់នៅ និង​ធ្វើការ​ក្នុង​របប​ខ្មែរក្រហម គាត់​មិន​ធ្លាប់​បានដឹងថា របប​មួយ​នេះ​បានធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ​បែបនេះ​ឡើយ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ទើប​គាត់​បានដឹង​ពី​បញ្ហា​នេះ​ត្រឹមតែ​ឮ​ពី​ការនិយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ​។ គាត់​ចាប់ផ្តើម​ដឹង​ច្បាស់ នៅពេល​ដែលមាន​ការចាក់​បញ្ចាំង​វី​ឌី​អូរ​បស់​ខេត្ត និង​ក្រុម​មជ្ឈិម​ស្តីពី​ភាពយន្ត​ឯកសារ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​តំបន់ភ្នំ​សំពៅ ខេត្តបាត់ដំបង​។ តាមរយៈ​កុន​ឯកសារ គាត់​បានឃើញ​មនុស្ស​ស្លាប់​ជាច្រើន ទើប​ដឹង​ច្បាស់​ថា ពិតជា​មានការ​សម្លាប់​រង្គាល​បែបនេះ​មែន​។ បញ្ហា​ផ្លូវ​អារម្មណ៍​បាន​ជះឥទ្ធិពល​មកលើ​ប៉ា​ខ្ញុំ​រហូតដល់​សព្វថ្ងៃ ដោយ​គាត់​តែងតែ​ខ្លាច​ពាក្យ​សង្គ្រាម​។ គាត់​ប្រាប់ថា គាត់​ឆ្អែត​នឹង​ការ​រត់គេច​ពី​ការទម្លាក់​គ្រាប់បែក ហើយ​គាត់​ក៏​មិន​ចង់​ជួប​សង្គ្រាម​ទៀត​ដែរ​៕

​ប៉ា​ខ្ញុំ​មិនដែល​ដឹងថា​មានការ​សម្លាប់​មនុស្ស​នោះទេ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM