កញ្ចប់​ថវិកា​ជលផល និង​មេព្រៃ​នៅឯណា​?

​ដោយ ៖នាយ​មេសា​ ថ្ងៃទី 22 ឧសភា 2017 ម៉ោង 08:36:AM

ខ្សិបដាក់មេក្រូ: កំពុងតែ​អង្គុយ​មើល​ទូរទស្សន៍ ផ្សាយ​អំពី​យុទ្ធនា​ការឃោសនា​បោះ ឆ្នោត​ឃុំ​-​សង្កាត់ ស្រាប់តែ​សំឡេង ទូរស័ព្ទ​លាន់​រន្ថាន់​ឡើង ។ នាយ​មេសា ស្ទុះ​ទៅលើ​ក​សឹង​បាក់ក ព្រោះ​ស្មានតែ​មេ​ហៅ​ទៅប្រើ​។ ដោយ​ភ្លេច​ពាក់​វ៉ែនតា ផង នាយ​ខ្ញុំ​ខំ​និយាយ​យ៉ាង​សុភាព​ថា ជម្រាបសួរ​មេ​!​។ ស្រាប់តែ​សំឡេង ពី​ខ្សែ​ម្ខាង​លាន់​ដូច​គេ​វាយ​ឃ្មោះ​ការ​ថា មេ​ស្អី​អ្ហា​! អញ​ណា អានេះ​!​។​
     
​កណ្តុំឆែប​តាម ពិត​គឺជា​សំឡាញ់ នាយ​ខ្ញុំ​។ នាយ​មេសា​ខ្ញុំ​សួរ​វា​ថា ខ្យល់ កន្ត្រាក់​អី​ជំ​រុញឱ្យ​ឯង​ខ​ល​មក​អញ​? អ្ហែង​សុខ​សប្បាយ​ទេ ឬ​អា​ម៉ាក​? វា ឆ្លើយ​មក​នាយ​វិញ​ថា សុខកាយ តែ​មិន ស្រណុកចិត្ត​ដ្បិត​មាន ទុក្ខ​ធំ​រឿង​ថវិកា ។ ខ្ញុំ​ក៏​សួរ​វា​ថា អូ​ហ៍​អ្ហែង​ធ្វើការ​រដ្ឋ​សោះ ហ៊ាន​ខ្ចីលុយ​មីក្រូហិរញ្ញវត្ថុ​វាល់​លាន ផង ចំ​ជា​មិនចេះ​ប្រមាណ​ខ្លួន​មែន​ជំពាក់ លុយ​គេ​មិនមែន​ងាប់​ទៅ​ផុត​ទុក្ខ​ទេ ណា​។ វា​តប​មកវិញ​ថា អញ​និយាយ សាច់​ការ ឯង​ជួយ​ទៅ​ខ្ចី​ខ្ទង់​ខ្សឹប​ដាក់ មេក្រូ​រស្មី​កម្ពុជា​ចំទាល​ឱ្យ​អញ​ពីរ​បី​ម៉ាត់​ផង​រឿង​កញ្ចប់ ថវិកា​ខាង​ជលផល និង​ព្រៃឈើ ។​
         
​នាយ​ខ្ញុំ​ក៏​ស្តាប់​ការ​តម្អូញតម្អែរ របស់​វា ។ វា​ថា​គិត​មកដល់ពេលនេះ រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល នៅតាម​ខេត្ត​បាន​បញ្ចូល​ទៅ​នៅ​ជាមួយ មន្ទីរ​ប្រហែលជា​៥​ទៅ​៦​ខែ​ហើយ តែ​អ្វី ដែល​លំបាក​ហើយ​មិនអាច ធ្វើ​ស្អី​កើត នោះ គឺ​ផ្នែក​ទាំងពីរ​នេះ​មកទល់​ពេល នេះ​ពុំទាន់​មាន​កញ្ចប់​ថវិកា​ដើម្បី​ធ្វើ​ការងារ​ទៅតាម ជំនាញ​ខ្លួន​ទេ ។ ទោះជា ចង់​ធើ​ស្អី​ក៏​មិនបាន ព្រោះ​អត់លុយ ។ គ្មាន​ស្អី​ធំ​ជាង​អត់លុយ ។ អត់លុយ​មធ្យម តែ​ងុំ​រឿង​ត្រូវមាត់​គេ​ទៀត ។
       ​
​វា​រំលឹក​ទៀតថា កាលពីមុន បញ្ចូល គឺ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​មាន​កញ្ចប់​ថវិកា​សម្រាប់ ប្រតិបត្តិ​ការងារ​ជា​ប្រក្រតី ។ ប៉ុន្តែ​រយៈ ពេល​ប្រមាណ​ជា​ប្រាំ​ទៅ​ប្រាំ​មួយខែ មកនេះ​បន្ទាប់ពី​បានដាក់ បញ្ចូល​ឱ្យ​ស្ថិត នៅក្រោម​ដំបូល​របស់​ក្រសួង​តែមួយ វិញ គឺ​រដ្ឋបាល​ព្រៃឈើ​និង​ជលផល​អត់​មាន​កញ្ចប់ ថវិកា​។ វា​បន្តថា ខាង​លុយ​គេ​មិនទាន់មាន​លុយ ។​
          ​
​តាម​ការបញ្ជាក់​របស់​អា​ម៉ាក គឺ​តាម​វា​ដឹង​មាននៅ​ខេត្ត​តែ​ពីរ​ប៉ុណ្ណោះ ដែល​រដ្ឋបាល​ព្រៃឈើ និង​ជលផល បានទទួល​កញ្ចប់​ថវិកា​។ ក្រៅពីនោះ​អត់​អា​លីង ។​
​    ​
​វា​បន្តថា រឿង​មិនមែនជា​រឿង របស់​មន្ទីរ​ឬ​ក្រសួង​ទេ គឺជា​រឿង​ខាង​លុយកាក់​ឯណោះ​ទេ​។ វា​បន្តថា ដោយ សារ​តែមាន​ប្រតិកម្ម​ច្រើន​ពី​ខាង​ផ្នែក ទាំងពីរ​នេះ ស្រាប់តែ​ឮ​ខាង​លុយ​គេ​ប្រាប់ថា​មាន​លុយ​ហើយៗ កុំ​ចំទាល ។ វា​ថា​ឮថា​កាលពី​ថ្ងៃទី​១៨​ឧសភា កន្លង ទៅ​មាន​ប្រជុំ​មួយ​ជុំវិញ​រឿងនេះ តែ​មិន ទាន់​ដឹងថា​យ៉ាងម៉េច​ហើយ​ទេ ។​
       ​
​វា​និយាយទៀតថា សម្រាប់​វា គ្រាន់តែ​ឆ្ងល់​ថា ហេតុ​អី​ក៏​កញ្ចប់​ថវិកា សម្រាប់​ពួកវា​បាត់​ខ្លួន​យូរ​ដល់​ថ្នាក់​នេះ ? តើ​កញ្ចប់​លុយ​នោះ​ពេលនេះ​កំពុងស្ថិត នៅទីណា​? នៅក្នុង​ទូដែក​ឬ​ទូ​ស៊ីម៉ងត៍​?​។​
      ​
​វា​បន្តថា យ៉ាងម៉េច​យ៉ាង​ម៉ា អាណិត​ជលផល និង​ព្រៃឈើ​ផង ព្រោះ​ពួកវា​មិន​ពួក​កាប់​ឈើ​លក់​ឬ​ដាក់ មុង​លូ​ក្រឡា​ញឹក​យក​ត្រី​ដែរ ។ គឺ​ខំ​ធ្វើ ការបម្រើ​ជាតិ​អស់ពី​ពោះ​ពី​ពុង ។ សូមជួយ​ធ្វើ​ម៉េច​ឱ្យ​កញ្ចប់ ថវិកា​នេះ​របូត រលូត​មក​ផង ព្រោះ​ជាង​កន្លះ​ឆ្នាំ​ហើយ​!​។ រង់ចាំ​មើល តែ​ផ្លូវៗ​ៗ​! ៕ ដោយៈ នាយ​មេសា​

កញ្ចប់​ថវិកា​ជលផល និង​មេព្រៃ​នៅឯណា​?


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px