មាតិកាៈ បទវិភាគ

បណ្តា​ប្រទេស​មូស្លីម​នៅ​អាស៊ី​ជាប់ផុង​នៅ​កណ្តាល​ជម្លោះ​ការទូត ដែល​អង្រួន​មជ្ឈិមបូព៌ា​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 7 មិថុនា 2017 ម៉ោង 10:39:AM

បទវិភាគ:     ​បណ្តា​ប្រទេស​មូស្លីម​មិនមែន​អារ៉ាប់​នៅ​អាស៊ី ដូចជា​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប៉ា​គី​ស្ថាន កំពុង​ជាប់ផុង​នៅក្នុង​ជម្លោះ បន្ទាប់ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដឹកនាំ​ការផ្តាច់​ការទូត​លើ​ប្រទេស​កាតា ដោយ​ចោទ​រដ្ឋ​តូច​មួយ​នេះ​ថា​បាន​គាំទ្រ​ជន​សកម្មប្រយុទ្ធ ដែល​គាំទ្រ​អ៊ីរ៉ង់​។

​    ​ម៉ាឡេស៊ី​បាន​ក្រាលកម្រាល​ព្រំ​ក្រហម​ស្វាគមន៍​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ដំណាច់ខែ​កុម្ភៈ ដែលជា​ទស្សនកិច្ច​លើកដំបូង​ដោយ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​មកកាន់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។ បន្ទាប់មក នៅ​ខែក្រោយ (​មីនា​) រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ជាមួយ​កាតា​។

​    ​ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​និយាយថា ការប្រឹងប្រែង​ថ្មីៗ​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កាតា រួមទាំង​ទស្សនកិច្ច​មួយ​ដោយ​រដ្ឋមន្ត្រីការបរទេស​កាលពី​ខែ​មុន ឥឡូវ​ប្រហែលជា​ត្រូវ​ពន្យារពេល​សិន​។

​    ​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយថា "​យើង​ខាត​ច្រើនណាស់​បើ​ឈរ​ខាង​កាតា​"​។

​    ​កាលពី​ថ្ងៃ​ចន្ទ ទី​៥ មិថុនា ប្រទេស​ជាច្រើន​រួមទាំង អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត អេ​ហ្ស៊ី​ប និង​បា​រ៉ែ​ន បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា​ដែល​សម្បូរ​ទៅដោយ​ធនធាន​ថាមពល ដោយ​ចោទ​ប្រទេស​នេះ​ថា​បាន​គាំទ្រ​រដ្ឋាភិបាល​តេ​ហេ​រ៉ង់ និង ក្រុម​អ៊ីស្លាម​ជ្រុលនិយម ដូចជា ក្រុម​ភាតរភាព​មូស្លីម ជាដើម​។ កាតា​និយាយថា ខ្លួន​មិនបាន​គាំទ្រ​ភេរវកម្ម​ទេ ហើយ​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​គឺ​ផ្អែកលើ "​ការអះអាង​ប្រឌិត​គ្មាន​មូលដ្ឋាន​"​។

​    ​រដ្ឋាភិបាល​ក្រុង​ដូ​ហា​ឥឡូវ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​រ៉ាំរ៉ៃ ព្រោះ​កាតា​ពឹង​ផ្អែកលើ​ប្រទេសជិតខាង ៨០ ភាគរយ​លើ​ការ​នាំចូល​ចំណីអាហារ​។

​    ​ការបង្ក្រាប​ផ្នែក​ការទូត​ទៅលើ​ប្រទេស​កាតា​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ចម្អក​ដោយ​ប្រយោល​ដាក់​អ៊ីរ៉ង់ និង ទុកឱ្យ​បណ្តា​ប្រទេស​មូស្លីម​មិនមែន​អារ៉ាប់ ស្ថិតក្នុង "​គោលជំហរ​មិន​ស្រណុកចិត្ត​"​។ នេះ​បើតាម​សម្តី​លោក ជែ​ម​ស៍ ដ័​រសី សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​សាលា​សិក្សា​អន្តរជាតិ​អេស រ៉ា​ច​រ៉ាត់​ណាំ (RSIS) របស់​សិង្ហ​បុរី​។​

​    ​លោក​ដ័​រសី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​អា​រ៉ា​ប៊ី​សា​អូឌីត​ចាត់ទុក​អ៊ីរ៉ង់​ជាការ​គំរាមកំហែង​ភេរវកម្ម​ខ្លាំង​ជាង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ប្រទេស​មូស្លីម​មិនមែន​អារ៉ាប់​ជាច្រើន​ទៀត​...​ប្រហែល​មិន​យល់ស្រប​ដូច្នេះ​ទេ​"​។​

​    ​* ភាពស្ងប់ស្ងាត់​ផ្លូវការ​របស់​ប៉ា​គី​ស្ថាន​
​    ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ប៉ា​គី​ស្ថាន គឺជា​ប្រទេស​គ្របដណ្តប់​ដោយ​មូស្លីម​និកាយ​ស៊ុន​នី ដូច​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​។ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ជួនកាល​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល នៅពេល​ភាព​តានតឹង​នៅ​អារ៉ាប់ បាន​ផ្ទុះឡើង ជាពិសេស​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង អ៊ីរ៉ង់ ដែល​គ្របដណ្តប់​ដោយ​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​។

​    ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោក​រ៉េត​ណូ ម៉ា​ស៊ូ​ឌី បានទទួល​ទូរស័ព្ទ​ពី​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ចា​វ៉ាដ ហ្សា​រី​ហ្វ កាលពី​ថ្ងៃ​ចន្ទ ដែល​ចង់​ពិភាក្សា​អំពី​ជម្លោះ​នេះ​។ នេះ​បើតាម​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី លោក អា​ម៉ា​ណា​ថា ណា​សៀ​។

​    ​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​ឱ្យ​ផ្សះផ្សា​គ្នា និង​ពិភាក្សាគ្នា​នៅក្នុង​ជម្លោះ​ការទូត​នេះ​។

​    ​ស្ថានការណ៍​ដ៏​លំបាក​នេះ​គឺមាន​សភាព​ធ្ងន់ធ្ងរ​សម្រាប់​ប៉ា​គី​ស្ថាន​ដែលមាន​អាវុធ​នុយក្លេអ៊ែរ និង​ជា​ប្រទេស​ដែលមាន​កងទ័ព​ធំ​បំផុត​ទី ៦ លើ​ពិភពលោក និង​មាន​យោធា​ធំ​បំផុត​ក្នុង​ពិភព​មូស្លីម​។

​    ​ប៉ា​គី​ស្ថាន​ដែលមាន​អ្នក​កាន់​លទ្ធិ​ស៊ុន​នី​ភាគច្រើន បាន​ថែរក្សា​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត (​អារ៉ាប់​ប៊ី​សា​អូឌីត​) ដែល​ផ្តល់ជូន​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​នាយករដ្ឋមន្ត្រី ណា​វ៉ាស សារី​ហ្វ បន្ទាប់ពី​គាត់​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ ១៩៩៩​។

​    ​ប៉ុន្តែ​ជាមួយ​សហគមន៍​ជនជាតិភាគតិច​និកាយ​ស៊ី​អ៊ី​ត​ដ៏​ធំ​មួយ និង ព្រំដែន​ជាប់​គ្នា​ជាមួយ​អ៊ីរ៉ង់​នៅ​ទិស​ខាងលិច ប៉ា​គី​ស្ថាន​ត្រូវ​ខាតបង់​ច្រើន​ពី​ការកើនឡើង​ភាព​តានតឹង​នៃ​ជម្លោះ​និកាយ​សាសនា​។ ក្នុង​ឆ្នាំ ២០១៥ ប៉ា​គី​ស្ថាន​បាន​បដិសេធ​ការអំពាវនាវ​របស់​អា​រ៉ា​ប៊ី​សា​អូ​ឌី​ដើម្បី​ចូលរួម​អន្តរាគមន៍​យោធា​ដឹកនាំ​ដោយ​ក្រុង​រី​យ៉ា​ត ក្នុងប្រទេស​យេ​ម៉ែន ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​បះបោរ ដែលជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​។

​    ​ប៉ា​គី​ស្ថាន​បាន​រក្សា​ការ​ស្ងប់ស្ងាត់​ជា​ផ្លូវការ​អំពី​ជម្លោះ​ចុងក្រោយ​នេះ​នៅក្នុង​ពិភព​អារ៉ាប់ ដោយ​មិនបាន​កាន់ជើង​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត ឬ អ៊ីរ៉ង់​នោះឡើយ​។ ប៉ា​គី​ស្ថាន​ក៏មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កាតា​ផងដែរ ក្នុងនោះ​រួមមាន​កិច្ចព្រមព្រៀង​រយៈពេល ១៥ ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​ឆ្នាំមុន ដើម្បី​នាំចូល​ឧស្ម័ន​ធម្មជាតិ ៣,៧៥ លាន​តោន​ក្នុង​មួយឆ្នាំ​ពី​កាតា ដែលជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​បំពេញ​កង្វះខាត​ថាមពល​របស់​ប៉ា​គី​ស្ថាន​។

​    ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចូលនិវត្តន៍ លោក​ស៊ូ​កាត់ កា​ឌៀ ដែល​ឥឡូវ​ជា​អ្នកវិភាគ​ហានិភ័យ​និង​សន្តិសុខ ឯករាជ្យ បាន​និយាយថា "​ប៉ា​គី​ស្ថាន​ត្រូវតែ​ប្រព្រឹត្ត​ដោយ​ប្រុងប្រយ័ត្ន​។ តាម​យោបល់​ខ្ញុំ មាន​ជម្រើស​តែមួយ​ប៉ុណ្ណោះ​សម្រាប់​ប៉ា​គី​ស្ថាន គឺ​បន្ត​នៅ​ជា អព្យាក្រឹត​"​។

​    ​* សម្ព័ន្ធភាព​យោធា​អ៊ីស្លាម​
​    ​មេ​យោធា​ប៉ា​គី​ស្ថាន​ទើប​ចូលនិវត្តន៍ លោក ឧ​ត្ត​ម​សេនីយ៍ រ៉ា​ហៀ​ល សារី​ហ្វ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​រី​យ៉ា​ត​កាលពី​ខែមេសា ដើម្បី​ដឹកនាំ​សម្ព័ន្ធ​យោធា​អ៊ីស្លាម ដែល​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ បេសកកម្ម​នៃ​សម្ព័ន្ធភាព​ចម្រុះ​ប្រទេស​នេះ​គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ប៉ុន្តែ​វា​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ប្រឆាំង​អ៊ីរ៉ង់​។ លោក​កា​ឌៀ និយាយថា "​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​កំពុង​លេចឡើង​ថា លោក​រ៉ា​ហៀ​ល សារី​ហ្វ កំពុង​ដកខ្លួន​ចេញពី​សម្ព័ន្ធភាព​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ខ្ញុំ​សង្ឃឹមថា​ពាក្យ​ចចាមអារ៉ាម​ជាការ​ពិត ហើយ​គាត់​នឹង​វិល​ត្រឡប់មកវិញ​ឆាប់ៗ​នេះ​"​។

​    ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ាស សារី​ហ្វ កាលពី​ខែមករា​ឆ្នាំ ២០១៦ បាន​ទៅ​ទីក្រុង​រី​យ៉ា​ត និង តេ​ហេ​រ៉ង់ ជាមួយ​លោក រ៉ា​ហៀ​ល សារី​ហ្វ ដែល​ធ្លាប់ជា​មេ​យោធា ក្នុង​បំណង​ជួសជុល​ការបែកបាក់​ដ៏​ជ្រាលជ្រៅ (​រវាង​អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​)​។

​    ​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង អា​រ៉ា​ប៊ី​សា​អូឌីត បាន​ល្បីល្បាញ អំឡុងពេល​ពីរ​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​អូស​ទម្លាក់​ចូលក្នុង​រឿងអាស្រូវ​ពុករលួយ​រាប់ពាន់​លាន​ដុល្លារ នៅ​ធនាគារ​រដ្ឋ​ម៉ាឡេស៊ី lMDB ដែល​បង្កើតឡើង​ដោយ​លោក​ណា​ជីប​។

​    ​លោក​ណា​ជីព​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​ទាំងឡាយ​នៅក្នុង​ករណី​លាង​លុយ ដែល​ឥឡូវ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក ស្វី​ស និង​សិង្ហ​បុរី​។

​    ​អំឡុង​ទស្សនកិច្ច​របស់​ស្តេច​សាល់​ម៉ាន់​មក​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ប្រេង​យក្ស​អារ៉ាប់​ប៊ី​សា​អូឌីត Aramco បាន​យល់ព្រម​ទិញ​ភាគហ៊ុន ៧ ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ចម្រាញ់​ប្រេង និង សារធាតុ​គីមីសំយោគ​ម​ក​ពី​ប្រេង​របស់​ក្រុមហ៊ុន​ថាមពល​រដ្ឋ​ម៉ាឡេស៊ី Petronas​។

​    ​ប៉ុន្តែ​កាតា​បាន​វិនិយោគ​ចន្លោះ ១២ និង ១៥ ពាន់​លាន​ដុល្លារ​ក្នុងប្រទេស​ម៉ាឡេស៊ី​ផងដែរ ។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​។

​    ​លោក​ដ័​រសី និយាយថា ប្រទេស​មូស្លីម​មិនមែន​អារ៉ាប់ ដូចជា​ម៉ាឡេស៊ី នឹង​ជួប​ការលំបាក​ជាមិនខាន ប្រសិនបើ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាមទារ​ឱ្យ​ជ្រើសរើស​ដៃគូ​ពាណិជ្ជកម្ម​។

​    ​លោក​ដ័​រសី​និយាយថា "​ពួកគេ (​ម៉ាឡេស៊ី​) អាច​និយាយថា ខ្ញុំ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នក ឬ និយាយថា ខ្ញុំ​នឹងមិន​ធ្វើការ​ជ្រើសរើស​ទេ​។ បន្ទាប់មក​សំណួរ​នឹងត្រូវ​សួរថា​តើ​អា​រ៉ា​ប៊ី​សា​អូឌីត ឬ កាតា​នឹងត្រូវ​ឆ្លើយតប​វិញ​យ៉ាងណា​។ ប៉ុន្តែ​យើង​មិនទាន់​ទៅដល់​ទីនោះ​នៅឡើយ​ទេ ហើយក៏​មិនទាន់​ប្រាកដថា វា​នឹង​ទៅដល់​ទីនោះ​ដែរ​"៕   

បណ្តា​ប្រទេស​មូស្លីម​នៅ​អាស៊ី​ជាប់ផុង​នៅ​កណ្តាល​ជម្លោះ​ការទូត ដែល​អង្រួន​មជ្ឈិមបូព៌ា​

ប្រទេស​អារ៉ាប់​ជាច្រើន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM